ដំរី ឡាក់គី នៅភ្នំតាម៉ៅ ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងពីសាធារណៈជនទូទៅ ជាប់ឈ្មោះជាដំរីមានប្រជ្ញាវាងវៃ និងមានភក្តីភាពចំពោះហ្មដែលធ្លាប់ថែរក្សាខ្លួនតាំងពីតូចមកនោះ ពេលនេះបានស្លាប់ហើយ នៅវ័យត្រឹម ២៦ឆ្នាំ ប៉ុណ្ណោះ។
មិនបានបកស្រាយលម្អិតអំពីមូលហេតុនៃការស្លាប់របស់ដំរី ឡាក់គី អោយពិតប្រាកដទេ ប៉ុន្តែតាមរយៈសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ដំរីវ័យក្មេងមួយក្បាលនេះបានស្លាប់ក្រោយធ្លាក់ខ្លួនឈឺបានត្រឹម បីថ្ងៃ ប៉ុណ្ណោះ។ 
ពោល គឺ ឡាក់គី បានធ្លាក់ខ្លួនឈឺពីថ្ងៃទី២២ សីហា ហើយបានស្លាប់នាថ្ងៃទី២៤ សីហា ឆ្នាំ២០២៥។ ក្រៅពីបង្ហាញសមានចិត្តសោកស្តាយក្រៀមក្រំ ចំពោះការបាត់បង់ដំរីអត្តសញ្ញាណសម្រាប់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមួយនេះ រដ្ឋបាលព្រៃឈើបានអះអាងថា ក្រុមពេទ្យសត្វបានប្រឹងប្រែងអស់លទ្ធភាពហើយ តែចុងក្រោយក៏នៅតែមិនអាចសង្គ្រោះដំរីមួយក្បាលនេះបានដដែល។

ទោះបីបានចាកចេញពី Wildlife Alliance ពិតមែន តែខណៈដំរីកំពុងឈឺ លោក ទ្រី ស៊ីថេង ជាហ្មដែលមើលថែ ឡាក់គី តាំងពីតូចក៏នៅតែមានវត្តមានចូលរួមថែទាំដំរីជាទីស្រលាញ់របស់ខ្លួនផងដែរ។ រដ្ឋបាលព្រៃឈើបានបញ្ជាក់បន្ថែមថា ៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ «ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត»។ 
សម្រាប់សួនសត្វភ្នំតាម៉ៅ វត្តមានរបស់ ឡាក់គី ២៦ឆ្នាំ កន្លងមកនេះ បានក្លាយទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនស្រឡាញ់ចូលចិត្ត ហើយលើកកម្ពស់ការយល់ដឹង អំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។ លើសពីអាណិត ក្រៅពីអង្គុយសម្រក់ទឹកភ្នែក លោក ទ្រី ស៊ីថេង បានត្រឹមសរសេរប្រយោគខ្លីបង្ហាញពីក្តីស្រលាញ់ជ្រាលជ្រៅរបស់ខ្លួនទៅកាន់សត្វដែលធ្លាប់មើលថែ៖ «២៦ឆ្នាំ ដែលខ្ញុំនៅជាមួយ ឡាក់គី ជាពេលវេលាខ្ញុំនៅជាមួយដំរី ច្រើនជាងខ្ញុំរស់នៅជាមួយគ្រួសារ»។ 
បង្ហាញនូវក្តីសោកស្តាយចំពោះការបាត់បង់ដំរីឡាក់គី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី «ឡាក់គី»ទាំងអស់ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ»។

រស់នៅមើលថែ ឡាក់គី ច្រើនឆ្នាំពិតមែន ប៉ុន្តែមហាជនទើបបានមើលឃើញកាន់តែច្បាស់ពីមនោសញ្ចេតនាជ្រាលជ្រៅរវាងលោក ទ្រី ស៊ីថេង និងដំរីដែលខ្លួនបានមើលថែតាំងពីតូច បានច្បាស់លាស់នាអំឡុងខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះប៉ុណ្ណោះ។ តាមរយៈវីដេអូខ្លី តែបង្ហាញក្តីស្រឡាញ់ធំធេងចំពោះអ្នកមើលថែរក្សាខ្លួន ដំរីមួយក្បាលនេះបានរត់ស្ទាក់ដំណើរលោក ស៊ីថេង ជាប់ ពេលដឹងថាលោក ត្រូវលាឈប់ពីការងារ លែងមានឱកាសរស់ក្បែរគ្នាច្រើនដូចគ្រាដើម៕










