ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាប្រធានអាស៊ាន ដែលសាកសួរពីវឌ្ឍនភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃក្រោយអនុវត្តបទឈប់បា.ញ់ និងការអនុវត្តការងាររបស់ក្រុមសង្កេតការណ៍អន្តរកាល (IOT) ស្ថិតក្រោមក្របខណ្ឌកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។ ភាគីថៃបានថ្លែងអំណរគុណម៉ាឡេស៊ី និងសន្យាដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ។
លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បាននិយាយកាលពីថ្ងៃទី១៩ ខែសីហា ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដើម្បីផ្លាស់ប្តូរយោបល់ និងតាមដានវឌ្ឍនភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេស ជជែកពីការអនុវត្តការងាររបស់ក្រុមសង្កេតការណ៍អន្តរកាល (Interim Observer Team: IOT) ។.jpg)
ការជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកនេះ ក៏មានលោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស, លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ព្រំមីន លឺសស៊ុរិឌេត លេខាធិការនាយករដ្ឋមន្ត្រី ចូលរួមផងដែរ ។ .jpg)
លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីនិយាយថា ភាគីថៃអនុញ្ញាតឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ធ្វើការតាមគោលការណ៍ក្រោមក្របខណ្ឌកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។ ក្រុមសង្កេតការណ៍អន្តរកាល (IOT) ធ្វើការក្នុងដំណាក់កាលដំបូង ប្រសិនបើមានសំណើពាក់ព័ន្ធនឹងការងាររបស់ IOT គឺអាចយកមកពិចារណាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅខែកញ្ញា ដើម្បីវាយតម្លៃបន្តទៀត ។
លោក ភូមិថាំ ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាប្រធានអាស៊ានផងដែរ ដែលបានជួយជំរុញឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាល និងជំរុញឱ្យថៃស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ផ្អែកលើក្របខណ្ឌនៃកិច្ចពិភាក្សាទ្វេភាគីរវាងកម្ពុជា-ថៃ ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែសីហា នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី ។ 
សម្តេចបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ឱ្យបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ៕










