ជុំវិញជម្លោះព្រំដែនកម្ពុជានិងថៃសិល្បករ សិល្បការិនី អ្នកបង្កើតមាតិកា Influencer ប្រជាជនកម្ពុជាបានស្រុះដៃគ្នាយ៉ាងខ្លាំងជួយជាតិនិងប្រើសំឡេងរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។ ទោះយ៉ាងណាការចេញមុខរបស់តារាៗមួយចំនួនត្រូវរងផលប៉ះពាល់លើការងារព្រោះចេញមុខនិយាយពីប្រទេសជាតិជាក់ស្តែងគឺមាន Influencer មួយចំនួនត្រូវបានក្រុមហ៊ុនផ្អាកការងារ។ ឃើញមានការដាក់សម្ពាធរបស់ក្រុមហ៊ុនមួយចំនួនទៅលើតារាដែលចេញមុខនិយាយរឿងជម្លោះនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកឡើងចំៗខណៈអ្នកនាងបានបង្ហាញថាការងាររបស់ខ្លួនក៏ត្រូវបានគេលុបចោលខ្លះៗដូចគ្នា។

អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១៧ សីហា ថា «មានក្រុមហ៊ុនមួយចំនួនបានបញ្ឈប់ការងារចំពោះតារាណាដែលធ្វើពហិការ មិនប្រើរបស់សៀម និងលូកដៃឈឺឆ្អាលរឿងជាតិ ។ ខ្ញុំ ក្នុងចំណោមនោះដែរ ព្រោះត្រូវ cancel ខ្លះៗហើយ»។ ការបញ្ឈប់ព្រោះតែការឈឺឆ្អាលប្រទេសជាតិនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានឆ្លើយតបវិញថា «ខ្ញុំចង់ជម្រាបទៅក្រុមហ៊ុនទាំងនោះវិញដែរថា តារា និងទស្សនិកជន អ្នកប្រើប្រាស់ អ្នកគាំទ្រសុទ្ធតែជាខ្មែរ។ ការឈឺឆ្អាលតវ៉ារឿងជាតិ គឺជាមនសិការក្នុងនាមជាកូនខ្មែរនិងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា សូមកុំដាក់សម្ពាធអី។ តែបើជ្រុលជាបញ្ឈប់តារា គួរតែបញ្ឈប់កម្មវិធី បញ្ឈប់ការផ្សព្វផ្សាយទាំងអស់តែម្តង ព្រោះអ្នកទស្សនា អ្នកប្រើប្រាស់ អ្នកគាំទ្រក៏ជាខ្មែរដូចខ្ញុំដែរ»។.png)
អ្នកនាង បន្តថា «បងប្អូនខ្លះដោយសារតែឈឺចាប់នឹងសៀមធ្វើបាបខ្មែរពេក គាត់ជេរសៀមមុតៗចំៗជាងពួកខ្ញុំជាតារាទៅទៀត ពួកខ្ញុំជាតារាក៏ចង់ចំៗមុតៗដែរតែក្រែងចិត្តបងប្អូន»។
អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ទៀតថា នេះគ្រាន់តែជាសារមួយផ្ញើជូនអ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹងថាមានរឿងអ្វីខ្លះកើតឡើងលើតារាចេញមុខ។ តារាចម្រៀងដ៏មានប្រជាប្រិយភាពមិនចេះរីងស្ងួតរូបនេះអះអាងថាការបង្ហាញនេះមិនមែនជាការត្អូញត្អែរទេ តែការពិត។ ទោះបីជាជួបផលលំបាកខ្លះៗក៏ដោយអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថាឆន្ទៈនៅតែបន្តធ្វើដើម្បីជាតិដដែល មិនចុះចាញ់ដាច់ខាតលុះណាជាតិ រួចផុតពីការឈ្លានពានពីចោរសៀមសិន។
តារាចម្រៀងរូបនេះបានបញ្ជាក់ចុងក្រោយថា «បើប្រទេសមានតែស្នូរកាំភ្លើង គ្មានសន្តិភាពផង តើ ទៅច្រៀងរាំឱ្យនរណាស្តាប់ នរណាមើល ? លុយក៏សំខាន់ តែសន្តិភាពក្នុងប្រទេសរិតតែសំខាន់ទៅទៀត ស៊ូៗ»៕










