ថៃ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានប្រជុំសម្រេច អនុម័តឲ្យមានការហូរចូលនូវពលករជនជាតិស្រីលង្កាជាច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជំនួសកម្លាំងដែលបាត់បង់ក្រោយពេលពលករខ្មែរត្រឡប់មកប្រទេសវិញអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅរសៀលថ្ងៃអង្គារនេះ។
ប្រភពខាងលើនេះបានឲ្យដឹងថា លោក Pongkwin Juengrungruangkit រដ្ឋមន្ត្រីក្រសួងការងារ បានផ្តល់បទសម្ភាសទាក់ទងនឹងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំនួសពលករកម្ពុជា ដែលបានត្រឡប់ទៅប្រទេសវិញអស់ថា៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះបានអនុម័តលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជួលកម្មករស្រីលង្កា ដើម្បីបំពេញចន្លោះខ្វះខាត និងទប់ស្កាត់ការខាតបង់នៃអាជីវកម្មថៃដែលកំពុងគាំងស្ទះព្រោះគ្មានកម្មករធ្វើការ។

លោកបានលើកឡើងថា “ឥឡូវនេះប្រទេសស្រីលង្កាត្រៀមនឹងបញ្ជូនពលករចំនួន ១ ម៉ឺននាក់មកថៃភ្លាមៗ បន្ថែមពីនោះមានមនុស្សជាង ៣ ម៉ឺននាក់ដែលបានចុះឈ្មោះរួចរាល់ហើយ។ លោកបន្តថា៖ យើងនឹងនាំពលករស្រីលង្កាទាំងនោះមក ហើយនឹងមានក្រុមផ្សេងៗទៀតមកពីប្រទេសដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងនេប៉ាល់ផងដែរ”។ 
រដ្ឋមន្ត្រីរូបនេះបានអះអាងថា វិធានការពន្ធរបស់សហរដ្ឋអាមេរិកនឹងមិនប៉ះពាល់ដល់ទីផ្សារការងាររបស់ប្រទេសថៃទេ វាក៏នឹងមិនបង្កបញ្ហាដល់រោងចក្រនៅក្នុងប្រទេសថៃផងដែរ។ ទោះជាយ៉ាងណា ក៏លើកឡើងរបស់លោក Pongkwin Juengrungruangkit មិនបានបញ្ជាក់ពីផលអវិជ្ជមានជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងឧស្សហកម្មការងាររបស់ថៃនោះទេ។
ជាក់ស្ដែងកាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2025កន្លងទៅ អង្គការការងារចំណាកស្រុក (MWG) ប្រចាំនៅប្រទេសថៃ បានបង្ហាញក្ដីកង្វល់ចំពោះស្ថានភាពការងារនៅក្នុងប្រទេសខ្លួនជាខ្លាំង ក្រោយពលករខ្មែរប្រមាណជិត 90មុឺននាក់ បាននាំគ្នាត្រឡប់ទៅប្រទេសកំណើតវិញ ជាហេតុដែលធ្វើឲ្យរោងចក្រ និងសហគ្រាសជាច្រើននៅក្នុងប្រទេសថៃជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្ម កកស្ទះការងារនិងមិនអាចដោះស្រាយបាន។ អង្គការនេះបានបញ្ជាក់ថា ការចាកចេញរបស់ពលករខ្មែរ នឹងធ្វើផ្ដល់ផលប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់ថៃ។
ដោយឡែក ការជ្រើសយកពលករស្រីលង្ការមកជំនួសពលករខ្មែរដូចខាងលើនេះ បើទោះបីជាអាចទប់ទល់នឹងការខ្វះខាតកម្លាំងក៏ពិតមែន ប៉ុន្តែអ្នកជំនាញបានសម្លឹងឃើញថាវាក៏នឹងហុចផលអវិជ្ជមានច្រើនគួសមផងដែរ។ ចំណុចនេះគេចង់លើកឡើងពាក់ព័ន្ធនឹងជំនាញ និងសមត្ថភាពរបស់ពលករ ដោយសារអនុញ្ញាតឲ្យចូលមកធ្វើការមានសភាពបន្ទាន់ និងធូររលុងខ្លាំងពេកនោះ ដូច្នេះច្បាស់ណាស់ថា ពលករភាគច្រើននឹងមិនបានទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់នោះទេ ហើយវានឹងផ្ដល់ផលវិបាកសម្រាប់ពួកគេក្នុងការធ្វើការឲ្យដូចពលករខ្មែរ៕










