ខូឡាជេន គឺជាប្រូតេអ៊ីនមួយប្រភេទដែលរាងកាយរបស់យើងផលិតដោយខ្លួនឯង ដែលជួយថែរក្សាស្បែក សក់ ឆ្អឹង និងសន្លាក់ឱ្យមានសុខភាពល្អ។ យ៉ាងណាមិញ ពេលអាយុកាន់តែច្រើន ខូឡាជេនក៏ក្សត់ទៅតាមហ្នឹងដែរ ទើបនារីៗ មួយចំនួនងាកទៅរកការបំពេញវា ជាពិសេសតាមរយៈអាហារបំប៉នផ្សេងៗ ។ ទោះយ៉ាងណាក៏ដោយ ក្រុមមនុស្សមួយចំនួនខាងក្រោមនេះ មិនសាកសមក្នុងការទទួលទានអាហារបំប៉ន collagen ឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ដល់រាងកាយច្រើនជាងអត្ថប្រយោជន៍។ ដូច្នេះតើមនុស្សប្រភេទណាខ្លះដែលមិនគួរទទួលបាន collagen?
មនុស្សដែលគួរជៀសវាងកូឡាជែនមានដូចជា÷
១. អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ
ខូឡាជេនមានប្រូតេអ៊ីនប្រមូលផ្តុំ។ នៅពេលទទួលទានក្នុងបរិមាណច្រើន អាចបណ្តាលឱ្យមុខងារតម្រងនោមចុះខ្សោយរយៈពេលយូរ។
២. អ្នកដែលមានអាឡែស៊ីទៅនឹងត្រី ឬប្រូតេអ៊ីនសមុទ្រ
កូឡាជែនភាគច្រើនត្រូវបានចម្រាញ់ចេញពីស្បែកត្រី ឆ្អឹងត្រី ឬសត្វសមុទ្រ ដែលធ្វើឱ្យវាមានហានិភ័យនៃអាឡែស៊ី។
៣. អ្នកដែលមានជំងឺថ្លើម
ថ្លើមជាសរីរាង្គសំខាន់សម្រាប់ការបំប្លែងសារជាតិប្រូតេអ៊ីន និងការបញ្ចេញកាកសំណល់។ ការទទួលទានកូឡាជេនច្រើនពេកអាចបណ្តាលឱ្យមានការប្រមូលផ្តុំនៃសារធាតុកាកសំណល់នៅក្នុងខ្លួន។
៤. អ្នកដែលមានបញ្ហារំលាយអាហារ
មនុស្សមួយចំនួនមានប្រព័ន្ធរំលាយអាហារយឺតជាងធម្មតា ហើយនៅពេលទទួលទានខូឡាជេនច្រើនពេកអាចបណ្ដាលឲ្យមានអាការៈ ដូចជា ហើមពោះ ឬរាគរុសអាចជាដើម។
៥. ស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូន (គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត)
ថ្វីត្បិតតែ Collagen គឺជាប្រូតេអ៊ីនក៏ដោយ ប៉ុន្តែផលិតផលមួយចំនួនអាចមានសារធាតុបន្ថែម សារធាតុរក្សាទុក ឬសារធាតុចម្រាញ់ពីសត្វក្នុងទឹក ដែលប្រឈមនឹងការបំពុលដោយលោហធាតុធ្ងន់ ដែលអាចបណ្ដាលឲ្យ ទារកងាយនឹងឆ្លងមេរោគ។
ទោះជាយ៉ាងណា មិនមែនតែមនុស្ស ៥ ប្រភេទខាងលើប៉ុណ្ណោះទេ ដែលគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទានខូឡាជេន មនុស្សដែលមានសុខភាពធម្មតាក៏គួរប្រុងប្រយ័ត្នផងដែរ ប្រសិនបើផលិតផលនោះមិនមានការបញ្ជាក់ត្រឹមត្រូវ ឬបរិភោគច្រើនលើសពី 2,500-10,000 mg/ថ្ងៃ ព្រោះរាងកាយមិនអាចស្រូបយកបានទាំងស្រុងនោះទេ។ បន្ថែមពីនេះគួរផឹកទឹកយ៉ាងហោចណាស់ពី 1.5 ទៅ 2 លីត្រ ក្នុងមួយថ្ងៃ ដើម្បីជួយក្នុងការស្រូបយក និងបញ្ចេញកាកសំណល់។
យ៉ាងនេះក្ដី ការទទួលទានកូឡាជេនច្រើនពេកក៏មានផលវិបាកផងដែរ ដូចជា
ឈឺពោះ ឬរាគ ឡើងមុន ឬកន្ទួលអាឡែស៊ី(ដែលកើតឡើងក្នុងករណីខ្លះ) ធ្វើឲ្យតម្រងនោមនិងថ្លើមមានសម្ពាធ និងធ្វើឲ្យឡើងទម្ងន់ ប្រសិនបើទទួលទានជាមួយអាហារបំប៉នផ្សេងទៀតដែលមានជាតិស្ករ ឬកាឡូរីខ្ពស់។ ដូចនេះ ប្រសិនបើអ្នកមានជំងឺជាប់ខ្លូន គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន មុនពេលប្រើប្រាស់ដើម្បីការពារផលប៉ះពាល់ និងហានិភ័យសុខភាព៕