លោក ចន ជាអ្នកបង្កើតមាតិកាដែលជាជនបរទេសមួយរូបមកពីចក្រភពអង់គ្លេស និងរស់នៅប្រទេសកម្ពុជាបានខ្នះខ្នែងយ៉ាងសកម្មភាពនិងមិនបង្អង់ដៃឡើយដើម្បីជួយដល់ជនភៀសសឹកដែលរងគ្រោះពីការឈ្លានពានរបស់ថៃ។ មិនត្រឹមតែជនបរទេសរូបនេះប៉ុណ្ណោះទេប៉ុន្តែជនបរទេសជាច្រើនទៀតគឺបានជួយផ្តល់ស្បៀងដល់ប្រជាជនកម្ពុជាក្នុងគ្រាជម្លោះព្រំដែននេះ។

លោក ចន ដែលមានឈ្មោះពិតថា «Jonathon Holdsworth» មានហ្វេកប៊ុកផេក «Areyouhomeyet» មិនត្រឹមតែជួយផ្សព្វផ្សាយលើកស្ទូយវប្បធម៌ វិស័យទេសចរណ៍ខ្មែរប៉ុណ្ណោះទេតែលោកគឺមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយនឹងប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ជារឿយៗនិងញឹកញាប់លោកបានបង្ហាញមុខម្ហូបខ្មែរ តំបន់ទេសចរណ៍ជាច្រើនចែករំលែកនៅលើបណ្តាញសង្គមហើយអ្វីដែលពលរដ្ឋខ្មែរចាំមិនភ្លេចគឺនៅឆ្នាំ២០២៣ ចន គឺបានចេញមុខតបតទៅកាន់តារាកំប្លែងនិងជា Youtuber ជនជាតិម៉ាឡេស៊ីម្នាក់ដែលប្រើសម្តីមិនសមរម្យមកលើមុខម្ហូបរបស់ប្រទេសកម្ពុជា។
ជាក់ស្តែង ស្របពេលប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសថៃលោកក៏មិនឱបដៃឈរមើលដូចគ្នាហើយប្រឹងប្រែងជួយយ៉ាងសកម្ម។ ជនបរទេសដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អរូបនេះ បានចូលរួមជាមួយមិត្តភក្តិ តារាសម្តែង មាន សូនីតា និងតាមរយៈអង្គការផ្សេងៗធ្វើការយ៉ាងខ្នះខ្នែងជួយដល់កុមារនិងជនភៀសសឹកដទៃទៀត មិនខ្លាចនឹងភាពនឿយហត់ឡើយ។
ការជួយយ៉ាងសកម្មរបស់ ចន ដែលបង្ហាញទំហឹងចិត្តស្រលាញ់ចំពោះប្រជាជនកម្ពុជាគឺពិតជាធ្វើឱ្យបលរដ្ឋមានការស្ញើចសរសើរយ៉ាងនូវទង្វើសប្បុរសធម៌ មនុស្សធម៌ របស់លោក។ ជាងនេះទៅទៀត ចាប់តាំងពីកម្ពុជារងការឈ្លានពានដំបូងៗ មកទល់ពេលនេះ ចន នៅតែបន្តជួយទៅដល់ជនភៀសសឹក៕










