រដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់សរុបប្រមាណ ១,៨លានដុល្លារអាមេរិក ទៅអោយស្ថាប័នអង្គការចំនួនពីរ ដើម្បីផ្តល់សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងជម្រកស្នាក់នៅបណ្តោះអាសន្នដល់ប្រជាពលរដ្ឋភៀសសឹកខ្មែរ ដែលរងគ្រោះដោយសារជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងថៃ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជានាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកអគ្គរាជទូត អ៊ូអិណុ បានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ពលរដ្ឋខ្មែររស់តាមតំបន់ព្រំដែនកម្ពុជា-ថៃ តាមរយៈអង្គការចំនួនពីរ គឺអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។
.jpg)
ការផ្តល់នូវកញ្ចប់ជំនួយនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានរៀបរាប់បញ្ជាក់ថា៖ «ខ្លួនខ្ញុំផ្ទាល់ និងវរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេក ចំពោះទំហំនៃការខូចខាត។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា»។ រដ្ឋាភិបាលជប៉ុនគាំទ្រពេញទំហឹង ចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ។ ជប៉ុនសង្ឃឹមថាកម្ពុជានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋដែលរងគ្រោះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីពេលថ្មីៗកន្លងមកនេះ អង្គការយូនីសេហ្វ បានបង្ហាញអំពីបញ្ហាមួយចំនួនដែលជនភៀសសឹកខ្មែរជាច្រើនកំពុងជួបប្រទះ ដោយរំលេចអំពីករណីសិក្សារបស់គ្រួសារមួយ ដែលមានផ្ទះនៅឯខេត្តឧត្តរមានជ័យ។ យូនីសេហ្វ បានលើកឡើងអំពីបញ្ហារបស់គ្រួសារ លោក ខុន អួត ជាកសិករម្នាក់នៅក្នុងខេត្តឧត្តរមានជ័យ។

លោក អួតមានផ្ទះស្ថិតនៅចម្ងាយប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ កំពុងអង្គុយជាមួយកូនប្រុស ២នាក់ និងក្មួយប្រុសម្នាក់ទៀត លោក អួត ថា គ្រួសាររបស់គាត់បានរត់ភៀសខ្លួនពីផ្ទះទាំងបង្ខំអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកហើយ។ បុរសអ្នកខេត្តឧត្តរមានជ័យម្នាក់នេះ បានបញ្ជាក់ថា គ្រួសាររបស់លោក មានសមាជិកសរុបចំនួន ៧នាក់ ឯសមាជិកដែលតូចជាងគេ មានអាយុត្រឹម ៨ខែ ប៉ុណ្ណោះ។ ចាប់តាំងពីក្រុមគ្រួសាររបស់លោកបានរត់មកស្នាក់នៅក្នុងវត្តមួយកន្លែងឯខេត្តសៀមរាប ដំណាំកសិកម្មដែលជាប្រភពចំណូលតែមួយគត់របស់គាត់ និងសត្វចិញ្ចឹមផ្សេងទៀតកំពុងអត់ចំណី ហើយខ្វះការថែទាំ។

ទោះបែបនេះក្តី គ្រួសាររបស់លោកតែងទន្ទឹងរង់ចាំការវិលត្រឡប់ទៅផ្ទះវិញ ហើយរស់ក្នុងក្តីព្រួយបារម្ភជាប្រចាំចំពោះភាពមិនប្រាកដប្រជានៃអនាគត។ តាមរយៈករណីសិក្សានេះ យូនីសេហ្វ បានបញ្ជាក់ថា ក្រុមគ្រួសារ និងកុមារកម្ពុជាជាច្រើន កំពុងតែប្រឈមនឹងហានិភ័យ។ វិបត្តិថ្មីៗនេះ បានធ្វើឱ្យគ្រួសារខ្មែររាប់ម៉ឺននាក់ជួបនឹងការខ្វះខាត។ តម្រូវការបន្ទាន់នាពេលនេះ គឺទឹកស្អាត អនាម័យ និងការអប់រំ។ លើសពីនេះ ពួកគេក៏ប្រឈមនឹងហានិភ័យខ្ពស់នៃអំពើហិង្សា និងការកេងប្រវ័ញ្ចផងដែរ៕










