ថៃ៖ ដោយព្រួយបារម្ភពីស្ថានភាពផ្លូវចិត្ត និងសង្កេតឃើញពីភាពមិនប្រក្រតីផ្នែកសតិអារម្មណ៍របស់ទាហានជួរមុខ បញ្ជាការដ្ឋានកងទ័ពជើងគោកថៃ បានសម្រេចដាក់ពង្រាយគ្រូពេទ្យចិត្តសាស្រ្តតាមមូលដ្ឋានទ័ព ដើម្បីដោះស្រាយវិបិត្តិផ្លូវចិត្ត និងបញ្ហាតានតឹងក្នុងអារម្មណ៍របស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Khaosod។
ជំនួយការអ្នកនាំពាក្យកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ឯក Kannat Pornipattakul បានបង្ហើបនៅថ្ងៃទី១៧ ខែសីហា ថា៖ ដោយសារការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់កងកម្លាំងដែលបម្រើការនៅតំបន់ប្រយុទ្ធ ជាពិសេសនៅតំបន់កងទ័ពជើងគោក ឯកឧត្តម លោក Phana Klaewplodthuk អគ្គមេបញ្ជាការកងទ័ព បានចាត់ឱ្យនាយកដ្ឋានពេទ្យកងទ័ព និងមន្ទីរពេទ្យយោធាភូមិភាគ ដាក់ពង្រាយក្រុមអន្តរាគមន៍វិបត្តិផ្លូវចិត្តនៅតាមអង្គភាពជួរមុខ។
ក្រុមវាយតម្លៃ និងព្យាបាលវិបត្តិសុខភាពផ្លូវចិត្តរបស់យោធា (M-MCATT) របស់ថៃ បាននិងកំពុងធ្វើការត្រួតពិនិត្យសុខភាពរាងកាយ និងការវាយតម្លៃផ្លូវចិត្តរបស់ទាហានម្នាក់ៗ ដើម្បីវាយតម្លៃរោគសញ្ញា ឬ កត្តាហានិភ័យដែលអាចប៉ះពាល់ដល់កងទ័ព ដោយអនុញ្ញាតឱ្យមានអន្តរាគមន៍ និងការព្យាបាលទាន់ពេលវេលា។ ការអនុវត្តនេះ គឺដើម្បីធានាឲ្យបានថា ទាហានជួរមុខថៃនឹងមិនមានវិបត្តិផ្លូវចិត្ត រហូតឈានដល់ការបាត់បង់ស្មារតី រត់ចោលជួរ ឬប្រព្រឹត្តសកម្មភាពខុសឆ្គងណាមួយទៅលើអ្នកដទៃ ដូចករណីកាលពីថ្មីៗកន្លងទៅនេះ។
ការដាក់ពង្រាយពេទ្យផ្លូវចិត្តនេះ កើតឡើងនៅពេលដែលអង្គភាពយោធាមួយចំនួនរបស់ថៃ កំពុងស្វែងរកការដោះស្រាយវិបត្តិផ្លូវចិត្តសម្រាប់ទាហានក្នុងអង្គភាពពួកគេ និងទប់ស្កាត់ឧប្បត្តិហេតុដូចជាការបាញ់ប្រហារដ៏សោកនាដកម្មថ្មីៗនេះដែលពាក់ព័ន្ធនឹងទាហានព្រំដែនដែលមានភាពតានតឹង។
គួររំលឹកថា កាលពីថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥ មានទាហានម្នាក់កើតរោគស្រ្តេសរត់ចោលជួរ ហើយបានបើកការបា.ញ់រះនៅក្នុងស្រុកកាប់ឆឹង នៃខេត្តសុរិន្ទ ដោយបណ្តាលឲ្យអ្នកភូមិ ២នាក់រងរបួស រួចហើយក៏រត់គេចខ្លួនបាត់។ ក្រោយមក ទាហានម្នាក់នោះក៏បានធ្វើអត្តឃា.តដោយការបា.ញ់សម្លា.ប់ខ្លួនឯង ដោយសមត្ថកិច្ចថៃបានប្រទះឃើញសា.កស.ពក្នុងព្រៃចម្ងាយប្រហែល ២០០ ម៉ែត្រពីកន្លែងកើតហេតុ។
ស្របពេលជាមួយគ្នានោះ មេភូមិភាគ២ Boonsin Padklang បានចេញមកបញ្ជាក់ថា «ក្នុងពេលប្រទេសមានសង្គ្រាម ច្បាស់ជាមានបញ្ហាសតិអារម្មណ៍នៅសមរភូមិជួរមុខហើយ ដូច្នេះមេទ័ពទាំងឡាយ សូមតាមដានបញ្ហាផ្លូវចិត្តកូនទាហានរបស់ខ្លួន»៕










