នាពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនពហិកាឈប់ប្រើប្រាស់ផលិតផលថៃតទៀត ហើយទំនិញថៃជាច្រើនមុខនៅតែមានការនាំចូលតាមរយៈមធ្យោបាយផ្សេងៗជាហេតុធ្វើឱ្យអ្នកមួយចំនួននៅតែមានចម្ងល់អំពីករណីនេះ។ យ៉ាងណាមិញ លោក ខាំ ភូរិ បានពន្យល់ខ្លីៗចំពោះចំណុចនេះ ខណៈលោកជំរុញឱ្យមានមនសិកាជាតិ ស្គាល់ការឈឺចាប់ និងមានស្មារតីជាតិនិយមប៉ុន្តែតែមិនជ្រុលនិយម។
.png)
នៅថ្ងៃទី១៣ សីហា លោក ខាំ ភូរិ ផលិតករជើងចាស់ដ៏មានស្នាដៃរួមទាំងមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈបានលើកឡើងត្រួសៗអំពីការពហិកាទំនិញថៃនិងផលប្រយោជន៍នៃការគាំទ្រផលិតផលក្នុងស្រុក។ លោកបានសរសេរថា យើងពុំអាចបិទទំនិញថៃព្រោះ យើងកំពុងរស់ក្នុងប្រជាជាតិអាស៊ាន និងយើងជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក(WTO គឺជាអង្គការអន្តររដ្ឋាភិបាលដែលកំណត់ច្បាប់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ)។ យើងអាចប្រែក្លាយការបិទទំនិញថៃមកជាការដាក់ពន្ធបន្ថែមលើទំនិញជាយុទ្ធសាស្ត្រមួយចំនួន ទំនិញដែលខ្មែរផលិតបាន(ដាក់ពន្ធលើស្រា ភេសជ្ជៈកំប៉ុង ធ្វើឱ្យតម្លៃទំនិញថៃខ្ពស់ មកប្រជែងផលិតផលក្នុងស្រុកក្នុងតម្លៃទាប គុណភាពប្រហែលគ្នា…ជួយបង្កើនចំណូលពន្ធ។ល។)។
លោក បានរៀបរាប់ទៀតថា ការបិទនាំចូលមិនមែនជាជម្រើសទេ តែរឿងសំខាន់គឺយើងត្រូវមានមនសិកាជាតិ ទទួលស្គាល់នូវការឈឺចាប់ និងមានស្មារតីជាតិនិយម(តែមិនជ្រុលនិយម)។ លោក ខាំ ភូរិ ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការគាំទ្រផលិតផលក្នុងស្រុក ដែលជួយគាំទ្រសេដ្ឋកិច្ចក្នុងស្រុក អាចបង្កើតការងារ និងជំរុញចំណូលដល់ប្រជាពលរដ្ឋ
ពង្រឹងថាមពលសេដ្ឋកិច្ចជាតិ កាត់បន្ថយការនាំចូល រក្សាទុនរូបិយប័ណ្ណជាតិ។
មិនត្រឹមតែប៉ុណ្ណោះផលិតកររូបនេះបានលើកឡើងទៀតថា ការគាំទ្រផលិតផលក្នុងស្រុកជួយពង្រឹងសហគមន៍ លើកកម្ពស់ស្មារតីស្នេហាជាតិ និងភាពឯកភាព ជំរុញសហគ្រាសតូច-មធ្យម។ លោក ខាំ ភូរិ បានសង្កត់ធ្ងន់ចុងក្រោយថា ការគាំទ្រនេះមិនមែនមានន័យថាបិទទ្វារពាណិជ្ជកម្មនោះទេ ប៉ុន្តែជាការធ្វើឱ្យផលិតផលក្នុងស្រុកមានអត្តសញ្ញាណ និងជួញដូរដោយយុត្តិធម៌៕










