ការប្រកាសហោះហើរសាកល្បងនូវប្រភេទយន្តហោះ A320 នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺជាការហោះហើរសាកល្បងលើកចុងក្រោយគេបង្អស់ហើយ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ។ បើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ខ្មែរមួយនេះនឹងត្រូវបើកដំណើរការជាផ្លូវការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLKG5gTiFjWJhbvCoNkxOkLnMRxBjntrvPkUqpWIeOWbc0VsjQ7cGnLBGY-HjaXa8i5Q1kNbo-CcTL6DS6K1Wk3trrDZ5CXsGAqSVwdiA5kdWLyq9cMkMCP_z-u_OB3qSLY6jXRsrUJmdzLz6l08kUAL_rrgEuKOx99t0CWZXbJFOyt0qLKlFF1rq-3lir/s1280/photo_2025-08-13_17-09-59.jpg
រហូតបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ចប់ការសាងសង់ ១០០% ហើយ។ អាកាសយានដ្ឋានថ្មីនេះ ជាព្រលានយន្តហោះលំដាប់ 4F ដែលយន្តខ្នាតធំអាចចុះចតបាន។ ក្នុងដំណាក់កាលទី១ ព្រលាននេះអាចទទួលបានអ្នកដំណើររហូតដល់ ១៣លាននាក់ នៅក្នុង១ឆ្នាំ ដោយទទួលការចុះចតបានទាំងប្រភេទយន្តហោះឆ្លងទ្វីប Airbus A380 និងប្រភេទ Boeing 747 ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPPN3yeI3MDLQInt9U2RcHmAWocqPuQjNXZ1zGLvx2hVjK32AXvyjN2ydCLQmuFcYdIdKehswyQNVKaSTyRZNFitVt0Kl3nub8w7592t74s8iD-Zur6lStX0K1R3g2poAJ8LwRVrxCwwsvCiO38WALexJT7omJv3h0mztfnqNzAIFCdJCme2vuOVIKzu2/s3139/529473829_812820344406002_1710258371052642402_n.jpg
ដោយឡែកយន្តហោះ A320 ដែលប្រើដើម្បីបើកបរសាកល្បងក្នុងដំណាក់ការចុងក្រោយនេះ ជាប្រភេទយន្តហោះខ្នាតមធ្យម ដែលដឹកអ្នកដំណើរបានជាង ១០០នាក់។ A320 ជាប្រភេទយន្តហោះពានិជ្ជកម្ម ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើន មានដូចជា Qatar Airways, AirAsia, American Airlines និង Lufthansa ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKuux_chgfExWWuRQkFqL36hoVicuy6JCMrSBfU7S4AaFeD5_vTUDyy4awS9MZnq1Y9stHQAn4qEn8f-h0FE4bD8e8T72u0iLbXOB5yG3WHqN1IQwWouNEe0XGdDj_rstBOFbd0-y3xos2yjoCMjAGGMsHHZoRNNhgcNSxPO411RvvxtPl4TQiys-lX9F/s1280/photo_2025-08-13_17-09-57.jpg

បញ្ជាក់បន្ថែមអំពីបញ្ហានេះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអះអាងថា ការហោះហើរសាកល្បងចុងក្រោយ ផ្អែកលើបំណងសំខាន់ ត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេសទាំងអស់ដែលគាំទ្រដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត4F ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh27cSWDlEv1mcPvj9WoVLhJHudwrvnJOok6L0fDAjA7_0XEulu1PKWayJCoSY6YW_9mEHnPO6g4yjhBVCJkBwbfQhaMfbBA_Ix0dPHAzUgGA8a3Q6a2PpK2WZ8zEyVJuJiNkaQN-8-PMdx_PWTDeUyFrApufSZPFClXpo4ygCwF2Jg9ESxRtRz5h0_loAq/s3139/530375096_812820391072664_1041700083933582645_n.jpg

បើតាមការបញ្ជាក់របស់នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា កន្លងមកអាកាសយានដ្ឋានអន្តរជាតិតេជោ ធ្លាប់បានធ្វើតេស្ដសាកល្បងចំនួន ២លើក រួចមកហើយ។ ជាការហោះហើរដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលមានការទទួលស្គាល់ និងចេញអាជ្ញាបណ្ណពីអាកាសចរស៊ីវិលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZzT2V9lu8vm98ORL-TeSkxFQWd_rsOU0fkNT4k5xq1AmnvUxJeezMKmtMKsGO50DnT8tK4eKWBRboiCiRg4arN7Gk1FlppQ6WDELD9UZVAB6LXSsefUiVKagdD2dkEv5wWGK0_xXuJNZXbWemGs5VobOh6c1NMhsmgohqgGEz6IdngYQCP117QnIqvnr/s1280/photo_2025-08-13_17-09-59%20(2).jpg

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួចរាល់ហើយដែរ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnKVvIZTg9L25oFmVfViCd5LAL5h00ccjaZha_YANSOZ5wl_LSiJYmh2LeYf3LENhZk2mhSkJndhWxRKOuaR6mpdcGsUHj6ALmH1ZjYhXJUV8X59IaSYn-FE-OgZbDD1F6CtFlT36mn61PqtcrS8i-CyeSAZzJVwWI3S400ybPYSbJah2HEYC-xQgwc5mA/s3137/530526715_812820277739342_7028605607969350913_n.jpg

សូមរម្លឹកថា ទោះព្រលានយន្តហោះថ្មីនេះប្រកាសដាក់ឱ្យដំណើរការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តែពិធីសម្ភោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ ត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ដោយការវិនិយោគសម្រាប់ដំណាក់កាលទី១ ប្រើប្រាស់ថវិកាអស់ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះឡើយ៕