ពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយរៀបរាប់ទាំងទឹកភ្នែករលីញរលោងពីជីវិតផ្ទាល់ខ្លួនដែលពុំសូវមានមិត្តភក្តិជិតស្និទ្ធនោះទេទាំងក្នុងរង្វង់សិល្បៈនិងក្រៅសិល្បៈ។ នៅពេលពិបាកចិត្តមានទុក្ខលំបាកអ្វីមួយ យ៉ែម ស្រីពេជ្រ បាននិយាយថានាងនិយាយប្រាប់ឆ្កែរបស់ខ្លួនដែលមានឈ្មោះថា «ស៊ូស៊ូ»។
ក្នុងកម្មវិធី អ្នកជិតខាង តារាសម្តែងនិងជាពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយថាតាំងពីក្មេងមករហូតមកដល់បច្ចុប្បន្ននេះនាងពុំសូវមានមិត្តភក្តិនោះទេ។ ការមិនសូវមានមិត្តភក្តិដូចអ្នកដទៃនេះ ស្រីពេជ្រ ថាអាចមកពីអារម្មណ៍របស់ខ្លួនអត់សូវមានសុវត្ថិភាព មិនងាយនឹងទុកចិត្តគេ ពីព្រោះកន្លងមកនាងធ្លាប់ដាក់អារម្មណ៍ស្រលាញ់គេដូចជា Best Friend តែទទួលបានមកវិញសុទ្ធសឹងតែជារឿងមិនល្អ។
.png)
យ៉ែម ស្រីពេជ្រ ថានេះមិនមែនជាកន្លែងមានសុវត្ថិភាពសម្រាប់នាងនោះទេក្នុងការមានមិត្តភក្តិច្រើន សូម្បីតែរាល់ថ្ងៃនេះមិត្តភក្តិនៅក្នុងការងារសិល្បៈឱ្យដើរលេងជុំគ្នាច្រើនក៏នាងមិនមាន មិត្តភក្តិក្រៅរង្វង់សិល្បៈក៏មិនសូវមានច្រើនដែរ។ ពិធីការិនីរូបនេះបន្តទៀតថា នាងមានអារម្មណ៍ថាឯកា ហើយនៅពេលដែលមានបញ្ហាពិបាកចិត្ត ខឹងអ្នកណា នាងនិយាយតែជាមួយឆ្កែរបស់នាងប៉ុណ្ណោះ ហើយនាងស្រលាញ់ឆ្កែរបស់ខ្លួនខ្លាំងព្រោះមានអារម្មណ៍ថាសុវត្ថិភាពចំពោះនាង។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីខាងលើនេះ យ៉ែម ស្រីពេជ្រ បានរៀបរាប់ពីទុក្ខលំបាកជាច្រើនក្នុងពេលចូលអាជីពសិល្បៈដំបូងក្នុងមួយថ្ងៃថតបានតែ១០ដុល្លារប៉ុណ្ណោះហើយត្រូវគេដកហូតជួនកាល៣ដុល្លារឬ៥ដុល្លារថែមទៀត។ យ៉ែម ស្រីពេជ្រ បច្ចុប្បន្នគឺពុំសូវបង្ហាញខ្លួនក្នុងខ្សែភាពយន្តនោះទេប៉ុន្តែសកម្មជាមួយនឹងកាងារជាពិធីការិនី។ តារាស្រីរូបនេះក៏មានឱកាសសម្តែងក្នុងខ្សែភាពយន្តមួយរបស់ប្រទេសថៃផងដែរ ប៉ុន្តែទស្សនិកជនថៃបានពហិកាដោយសារតែមានតួសម្តែងជាតារាមកពីប្រទេសកម្ពុជា៕










