ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានច្រានចោលព័ត៌មានឈ្លានពានកម្ពុជាជាថ្មី នៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា គឺកងទ័ពថៃគ្មានការបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីលំនៅឋានតាមព្រំដែន ឬបិទសាលារៀននៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ដូចការចុះផ្សាយរបស់សារព័ត៌មានទេ ។ កងទ័ពថៃគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់យ៉ាងម៉ឺងម៉ាត់ និងសូមឱ្យពលរដ្ឋជឿជាក់លើព័ត៌មានពីប្រភពអាចទុកចិត្តបាន ។
កាលពីថ្ងៃទី១៣ ខែសីហា នៅទីបញ្ជាការកងទ័ពជើងគោក លោក រិតឆា សុខស៊ុវ៉ាន់ណុន អ្នកនាំពាក្យរងកងទ័ពជើងគោកបានលើកឡើងពីព័ត៌មានផ្សព្វផ្សាយថា កងទ័ពថៃត្រៀមបើកការឈ្លានពានវាយប្រហារកម្ពុជាជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ក្រោយពីកងទ័ពថៃបញ្ជាឱ្យបិទសាលារៀននៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ។
កងទ័ពថៃបានត្រួតពិនិត្យរួចហើយ គឺគ្មានការជម្លៀស ឬបិទសាលារៀននៅឃុំដានទេ សាលារៀននៅតែបើកទ្វារបង្រៀនសិស្សតាមធម្មតា ខណៈសាលារៀនមួយចំនួនទៀតនៅឃុំនេះ គ្រាន់តែពន្យារពេលបង្រៀនសិស្សក្នុងថ្នាក់មួយរយៈសិន ។ កងទ័ពថៃសូមបញ្ជាក់ថា នៅតែគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) យ៉ាងម៉ឺងម៉ាត់ និងសូមពលរដ្ឋជឿជាក់ព័ត៌មានពីប្រភពអាចទុកចិត្តបាន ។
ដោយឡែក នៅថ្ងៃ១៣ ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ បានលើកឡើងពីព័ត៌មានផ្សព្វផ្សាយក្នុងបណ្តាញសង្គមថា «កងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានជាបន្ទាន់ ដោយសារស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងឡើងវិញ» ដោយលោកថា ព័ត៌មាននេះក្លែងក្លាយ ពីព្រោះបច្ចុប្បន្ន ស្ថានការណ៍នៅខេត្តព្រំដែនចំនួន៧ ជាប់កម្ពុជាធូរស្រាលហើយ ។
មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃបានស៊ើបអង្កេតការពិតជាមួយកងទ័ពភូមិភាគ២ ឃើញថា កងទ័ពថៃពុំបានប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានទេ ។ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមានស្ថានការណ៍ធម្មតា គ្រាន់តែកងទ័ពថៃត្រៀមខ្លួន និងតាមដានស្ថានការណ៍យ៉ាងដិតដល់ គឺគ្មានការប៉ះទង្គិច ឬធ្វើសង្គ្រាមឡើយ ។
រដ្ឋាភិបាលថៃសូមឱ្យពលរដ្ឋកុំជឿព័ត៌មានគ្មានប្រភពច្បាស់លាស់ ឬចែកចាយបន្ត ពលរដ្ឋគួរតែតាមដានព័ត៌មានពីស្ថាប័នរដ្ឋាភិបាល ឬសារព័ត៌មានផ្លូវការប៉ុណ្ណោះ ។ រដ្ឋាភិបាល និងកងទ័ពផ្តោតសំខាន់បំផុតលើសន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋគ្រប់រូបនៅព្រំដែន ។
ចំណែកកម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងកងទ័ពរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ។
កម្ពុជាសូមអំពាវនាវដល់ភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីរបានឯកភាពគ្នា រួមទាំងការ ប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាពេលខាងមុខ ៕










