សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញក្តីរីករាយចំពោះកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយលោកចាត់ទុកជាការបោះជំហ៊ានយ៉ាងសំខាន់ដើម្បីពង្រឹងកិច្ចព្រមព្រៀងបទឈប់បា.ញ់ ខណៈឯកអគ្គរដ្ឋទូតអាមេរិកនៅម៉ាឡេស៊ីឱ្យដឹងថា កិច្ចប្រជុំរវាងប្រទេសទាំងពីរនឹងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។.jpg)
សារព័ត៌មាន AFP រាយការណ៍ថា កាលពីថ្ងៃទី៧ ខែសីហា កម្ពុជា និងថៃ បានប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ខណៈប្រទេសទាំងពីរបានធ្វើសង្គ្រាមតាមព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ។ សង្គ្រាមនេះកើតឡើងដោយសារកងទ័ពថៃឈ្លានពានដណ្តើមប្រាសាទកម្ពុជា ហើយកងទ័ពថៃបានប្រើប្រាស់អាវុធគ្រប់ប្រភេទ រហូតដល់យន្តហោះទម្លាក់គ្រាប់បែក ។
កងទ័ពថៃបានបញ្ចប់ការឈ្លានពានកម្ពុជាក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសម្របសម្រួលឱ្យប្រទេសទាំងពីរចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីយប់ថ្ងៃទី២៨ ខែកក្កដា ក្រោមការអង្កេតការណ៍ពីមហាអំណាចអាមេរិក និងមហាអំណាចចិន ។ កម្ពុជា-ថៃបានប្រជុំពិភាក្សាគ្នាជាច្រើនថ្ងៃ និងទទួលបានជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី អាមេរិក និងចិន នាថ្ងៃទី៧ ខែសីហា នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ប្រធានាធិបតីអាមេរិក លោក Donald Trump និងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ថៃនឹងគោរពពាក្យសន្យារបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ» ។.jpg)
ដោយឡែក ឯកអគ្គរដ្ឋទូតអាមេរិកនៅម៉ាឡេស៊ី លោក Edgard Kagan ដែលបានចូលរួមកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នាថ្ងៃទី៧ ខែសីហា ក្នុងឋានៈជាអ្នកសង្កេតការណ៍បានបង្ហាញក្តីរីករាយថា កិច្ចព្រមព្រៀងនេះជាជំហ៊ានមួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។ ប៉ុន្តែយើងត្រូវនិយាយដោយភាពស្មោះត្រង់ គឺ កម្ពុជា-ថៃនៅតែមានភាពតានតឹង និងមិនទុកចិត្តគ្នាខ្លាំង ។ ប្រទេសទាំងពីរត្រូវបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ហើយនេះជាសារផ្ញើទៅកាន់កងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែន ។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរចំពោះការប្រពឹត្តទៅដោយជោគជ័យនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕










