កញ្ញា កុយ អេនណា បើទោះបីជាមិនមានដំណឹងក្នុងការចូលប្រកួតបវរកញ្ញាជាថ្មីប៉ុន្តែនាងនៅតែក្តោបទីផ្សារសិល្បៈបានយ៉ាងទូលំទូលាយ ជាក់ស្តែងនាងទើបតែទៅចូលរួមដើរបង្ហាញម៉ូតនៅឯប្រទេសវៀតណាមផងដែរ។ យ៉ាងណា ដ្បិតតែមានការងារមមាញឹកក្តី កុយ អេនណា គឺបានអំពាវនាវប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុកជៀសវាងកុំឱ្យគេប្រទេសដទៃមើលស្រាល។

បន្ទាប់ពីកម្ពុជានិងថៃមានជម្លោះព្រំដែន និងនៅមិនទាន់បញ្ចប់បានទាំងស្រុងនៅឡើយ គេសង្កេតឃើញថាសង្គ្រាមរយៈពេល៥ថ្ងៃរវាងប្រទេសទាំងពីរបានបណ្តាលឱ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកបានច្រើនជាងមុន។ ជាមួយគ្នានេះ កុយ អេនណា ក៏បានអំពាវនាវឱ្យពលរដ្ឋរួមគ្នាជាធ្លុងមួយជួយគាំទ្រផលិតផលជាតិផងដែរ។
កុយ អេនណា ទូតសុឆ្ឆនៈរបស់ភេសជ្ជៈកីឡា វី-អាកទីវ និងទឹកពិសារប្រណីត វី-អាកទីវ ដែលជាក្រុមហ៊ុនកូនខ្មែរ បង្កើតឡើងដោយកូនខ្មែរ បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «គាំទ្រផលិតផលក្នុងស្រុក កុំឱ្យគេមើលស្រាលយើង។ អេនណា បាននិយាយថា ពេលវេលាមនសិការជាតិ ពេលនេះជាពេលវេលាដែលយើងត្រូវរួមគ្នា សហការគ្នាដើម្បីគាំទ្រផលិតផលក្នុងស្រុក….»។

នៅក្នុងវីដេអូមួយទៀត កុយ អេនណា បានលើកឡើងដែរថា ក្រោមឆន្ទៈស្មារតីខ្មែរតែមួយ ពេលវេលានេះជាពេលដែលយើងសាមគ្គីគ្នាប្រើនូវផលិតផលក្នុងស្រុក ដើម្បីឯករាជ្យ និងវឌ្ឍនៈភាពរបស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការងារសិល្បៈ កុយ អេនណា ជាបវរកញ្ញាខ្មែរមួយរូបដែលចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកបានយ៉ាងសកម្មរហូតដល់មានការសរសើរពី រដ្ឋលេខាធិការក្រសួងវប្បធម៌។ មុននឹងមានការឈ្លានពានពីប្រទេសថៃ កុយ អេនណា ក៏បានទៅផ្សព្វផ្សាយប្រាសាទតាក្របី រួមទាំងប្រាសាទព្រះវិហារផងដែរ៕










