ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Bai Lu បានអះអាងថានឹងមិនមានការអត់ឱនចំពោះបុគ្គលដែលបន្តតាមដាន យាយី និងប៉ះពាល់ដល់ជីវិត និងការងាររបស់តារាស្រីនោះទេ។កាលពីថ្ងៃទី ៤ ខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ Bai Luបានប្រកាសពីស្ថានភាពបៀតបៀនដ៏គួរឱ្យព្រួយបារម្ភប្រឆាំងនឹងតារាស្រីរូបនេះ។
ខណៈចូលរួមក្នុងការថតរឿង «Mo Li» តារាសម្តែង Bai Lu ត្រូវបានមនុស្សមិនស្គាល់អត្តសញ្ញាណថតជាប់ និងថតដោយសម្ងាត់អស់រយៈពេលជាយូរ។ ជាមួយគ្នានេះ លេខទូរសព្ទផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ក៏ត្រូវបានបែកធ្លាយ ហើយនាងត្រូវបានជនមិនស្គាល់មុខ បៀតបៀន និងរំខានជាបន្តបន្ទាប់។សកម្មភាពទាំងនេះបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើឯកជនភាពរបស់ Bai Lu ដែលប៉ះពាល់ដល់ការងារ និងជីវិតធម្មតារបស់នាង។
.png)
ក្រុមហ៊ុនបានបញ្ជាក់ថា៖ «យើងបានប្រមូលវត្ថុតាងពាក់ព័ន្ធទៅតាមច្បាប់ហើយរាយការណ៍ទៅអាជ្ញាធរដើម្បីចាត់ការ»។ បច្ចុប្បន្ន Bai Lu កំពុងថតរឿងភាគទូរទស្សន៍ «Mo Li» ។ នេះគឺជាគម្រោងប្រវត្តិសាស្ត្របន្ទាប់របស់ Bai Lu បន្ទាប់ពីខ្សែភាពយន្តពីររឿង «Moonlight Mystique»និង « Feud » ដែលចាក់ផ្សាយនៅដើមឆ្នាំ ២០២៥ ប៉ុន្តែមិនបានផ្ទុះដូចការរំពឹងទុកនោះទេ។ «Mo Li» បានចាប់ផ្តើមថតនៅចុងខែឧសភា ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងខែតុលា ហើយទំនងជានឹងចេញនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦។
Bai Lu គឺជាតារាសម្តែងចិនមួយរូបដ៏ល្បីល្បាញបំផុតនាពេលបច្ចុប្បន្ននេះ។ នាងត្រូវបានគេពេញចិត្ត និងគាំទ្រដោយផលិតករ Yu Zheng ដោយបានចូលរួមក្នុងគម្រោងធំៗជាច្រើន។.png)
ក្រៅពីអាជីពជាតារាសម្តែង Bai Lu ក៏បានប្រឡូកក្នុងវិស័យចម្រៀងដោយបានចេញអាល់ប៊ុមមានចំណងជើងថា «My Odyssey»។ ទោះជាយ៉ាងណា ការប្រឡូកក្នុងវិស័យតន្រ្តីរបស់ Bai Lu បានបង្កឱ្យមានភាពចម្រូងចម្រាស។ ទស្សនិកជនចិនមួយចំនួនគិតថាតារាស្រីរូបនេះ មិនមានទេពកោសល្យគ្រប់គ្រាន់ក្នុងការចូលប្រឡូកក្នុងវិស័យចម្រៀងនោះទេ ហើយគុណភាពអាល់ប៊ុមនេះទទួលបានការរិះគន់យ៉ាងច្រើន៕










