ឥណ្ឌូណេស៊ី បានបង្ហាញសាច់ដុំនៃវិស័យយោធារបស់ខ្លួន ដោយបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន ដែលបានដាក់ពង្រាយនូវប្រព័ន្ធមីស៊ីលប៉ាលីស្ទីក ឬមីស៊ីលរំលងទ្វីប។

ប្រព័ន្ធមីស៊ីលនេះ មានឈ្មោះថា ខាន់(KHAN) អាចបាញ់ចេញបានក្នុងរយៈចម្ងាយខ្លី ពោលត្រឹមតែ២៨០គីឡូម៉ែត្រប៉ុណ្ណោះ ដែលផលិតដោយប្រទេសតួកគីយ៉េ។

មីស៊ីលខាន់(KHAN) ត្រូវបានរដ្ឋាភិបាលឥណ្ឌូនេសុី ដាក់ពង្រាយនៅតំបន់កាលីម៉ាន់តាន់ភាគខាងកើត ដែលមានព្រំប្រទល់ជាប់ម៉ាឡេសុី។

មីស៊ីលនេះ មានទម្ងន់២៥០០គីឡូក្រាម មានសមត្ថភាពផ្ទុកក្បាលគ្រាប់ទម្ងន់ដល់ទៅ៤៧០គីឡូក្រាម។ វាត្រូវបានផលិតឡើង ដើម្បីវាយប្រហារចំគោលដៅបានច្បាស់ ដោយអាចគេចចេញពីប្រព័ន្ធរ៉ាដាប្រឆាំងគ្រាប់មីសុីល។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេសុីបានចំណាយថវិការជាច្រើនទៅលើវិស័យយោធា ដោយបានបញ្ជាយន្តហោះចម្បាំងRafale ៤២គ្រឿងពីប្រទេសបារាំង និងយន្តហោះចម្បាំង J10 ចំនួន១០គ្រឿង ពីប្រទេសចិន៕