(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការច្រានចោលចំពោះការផ្សាយថា មានបុគ្គលម្នាក់គឺជាចារកម្មរបស់ខ្មែរ ស្ថិតក្នុងក្របខណ្ឌនៃជួរកងកម្លាំងចេញពីបញ្ជាការដ្ឋានអង្គរក្ស (BHQ) ដើម្បីបញ្ជូនព័ត៌មានមកកម្ពុជា។ អ្នកនាំពាក្យបញ្ជាក់ថា ខណៈយោធិនកម្ពុជាមិនអនុញ្ញាតឱ្យមានស្នាមសាក់លើដងខ្លួននោះទេ។
កាលពីថ្ងៃពុធ ទី6 ខែសីហា ឆ្នាំ2025 លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធចំពោះការចេញផ្សាយថា ប៉ូលីសថៃបានចាប់ខ្លួនបុគ្គលម្នាក់ដែលជាទាហានខ្មែរ ដែលមានតួនាទីនៅទីបញ្ជាការដ្ឋានអង្គរក្ស (BHQ) កម្ពុជា និងសង្ស័យថាត្រូវបានគេបញ្ជូនមកឲ្យធ្វើជាចារកម្ម ចាំយកព័ត៌មានពីចលនាយោធានៅក្នុងប្រទេសបញ្ជូនទៅខាងកម្ពុជា។

ក្រោយពីបដិសេធនូវការផ្សព្វផ្សាយដូចខាងលើនេះ អ្នកនាំពាកយក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា មិនអនុញ្ញាតឱ្យយោធិនរបស់ខ្លួន ដែលមានស្នាមសាក់លើដងខ្លួនចូលបម្រើក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត។ ដូច្នេះ ការផ្សាយរបស់សារព័ត៌មានថៃនេះ គឺជារឿងប្រឌិត គ្មានភស្តុតាង និងមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ ដែលផ្ទុយពីការពិត ក្នុងការចេតនាបង្កាច់បង្ខូចកម្ពុជាពីសំណាក់សារព័ត៌មានថៃ។ 
គួររំលឹកថា កាលពីថ្ងៃពុធ ទី6 ខែសីហា ម្សិលមិញនេះ ប៉ូលីសថៃនៅស្រុក ឡាំដួន ខេត្ត បុរីរម្យ បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់ដែលមានស្នាមសាក់ពេញខ្លួន ដោយជាប់សង្ស័យថាជាកងអង្គរក្សពិសេស (BHQ) របស់កម្ពុជា ដែលបញ្ជូនមកដើម្បីសម្ងំយកការណ៍ពីក្នុងប្រទេសថៃប្រាប់ទៅខាងកម្ពុជា។ ការចាប់ខ្លួននោះ ក្រុមប៉ូលីសថៃបានបង្ហាញពីភស្តុតាងដែលគេរឹបអូសបានមួយចំនួនដូចជា កាំភ្លើង ឯកសណ្ឋាន មួក និងអាវក្រោះដែលមានស្លាកសញ្ញា BHQ។

គួរឲ្យកត់សម្គាល់ថា បណ្ដាញសារព័ត៌មានថៃមួយចំនួនតែងតែផ្សព្វផ្សាយបំភ្លៃ និងប្រឌិតព័ត៌មានផ្សេងៗដើម្បីចោ.ទប្រកាន់ និងលាបពណ៌មកកាន់កម្ពុជាជាហូរហែរ។ ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ បានទទូចឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះការផ្សាយព័ត៌មានមិនពិត ដោយការប្រឌិតសាច់រឿង និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលនេះបង្ហាញថា គ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន៕










