សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀតក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បា.ញ់ ។ លោកបានលើកយកពន្ធទំនិញនាំចូលអាមេរិកមកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចរចាកិច្ចព្រមព្រៀងឈប់បា.ញ់ជាបន្ទាន់ បើពុំដូច្នោះទេ អាមេរិកនឹងពុំចរចាពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី២៨ ខែកក្កដា ថា លោកបានបញ្ជាឱ្យក្រុមមន្ត្រីចរចាពាណិជ្ជកម្មរបស់លោកចាប់ផ្តើមចរចាពាណិជ្ជកម្មជាមួយកម្ពុជា និងថៃម្តងទៀត ក្រោយប្រទេសទាំងពីរព្រមព្រៀងឈប់បាញ់ ។ លោកជឿជាក់ការឈប់បាញ់គ្នានេះដោយសារការព្រមានរបស់លោកថា អាមេរិកនឹងពុំចរចាពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ បើនៅតែធ្វើសង្គ្រាមតាមព្រំដែនបន្តទៀត ។
កន្លងមក លោក Trump បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ អាមេរិកនឹងកំណត់ពន្ធស្មើ៣៦% សម្រាប់ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសថៃ ខណៈទំនិញថៃនាំចូលអាមេរិកតាមរយៈប្រទេសផ្សេងដើម្បីគេចពន្ធ គឺអាមេរិកនឹងកំណត់ពន្ធទំនិញកាន់តែខ្ពស់ ។ រីឯកម្ពុជា កាលពីមុន អាមេរិកកំណត់ពន្ធទំនិញស្មើ៤៩% គឺពន្ធធ្លាក់ចុះត្រឹម៣៦% ដូចមុន ។
.png)
លោក Trump ថែមទាំងដាស់តឿនថា អាមេរិកនឹងដំឡើងពន្ធទំនិញឱ្យខ្ពស់ ប្រសិនបើប្រទេសណាព្យាយាមដំឡើងពន្ធលើទំនិញនាំចូលប្រទេសខ្លួន ឬគេចពន្ធរបស់អាមេរិកដោយការដឹកជញ្ជូនទំនិញតាមរយៈប្រទេសផ្សេង ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកបានលើកយកបញ្ហាពន្ធទំនិញដើម្បីដោះស្រាយបញ្ហាឱ្យប្រទេសនានាបញ្ចប់សង្គ្រាម ។ ដូចគ្នានេះ លោក Trump ក៏បានព្រមានរុស្ស៊ីថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើរុស្ស៊ីពុំបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេល១២ថ្ងៃ ។ លោកហៅខ្លួនលោកថា «ប្រធានាធិបតីសន្តិភាព» ដោយសារបានបញ្ចប់សង្គ្រាមជាច្រើន ដូចជា ៖ សង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន លោកពុំចង់ឃើញសង្គ្រាមអូសបន្លាយ និងមនុស្សរាប់ពាន់នាក់ស្លាប់ក្នុងសង្គ្រាម ៕









