ពេលនេះចូលទៅដល់សង្គ្រាមតារារ៉េបខ្មែរនិងថៃវិញម្តងទោះបីជាកន្លងមកនេះតារារ៉េប វណ្ណដា ធ្លាប់សហការនិងសរសើរពី Youngohm ក្តី ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលព្រោះតែអំពើរបស់ថៃធ្វើមកលើកម្ពុជា។ វណ្ណដា បានព្រលះចាស់ដៃដាក់ Youngohm និងបានលុបបទចម្រៀងដែលធ្លាប់សហការគ្នាដោយមិនស្តាយស្រណោះអ្វីឡើយ។

កាលពីថ្ងៃទី២៧ កក្កដា Youngohm បានចេញចម្រៀង Diss Track មកខាងកម្ពុជាបន្ទាប់ពីមានជម្លោះព្រំដែនខ្មែរថៃយ៉ាងក្តៅគគុកចាប់តាំងពីថ្ងៃទី២៤ កក្កដា មក។ ទោះជាយ៉ាងណា បារ៉ូលរបស់ Youngohm ត្រូវបានអ្នកគាំទ្រកម្ពុជាចំអកថាសាបៗគ្មានរសជាតិមិនសមនឹងឈ្មោះថាជាតារារ៉េបល្បីប្រចាំប្រទេសថៃទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះ Youngohm ថែមទាំងជេរមកកាន់ វណ្ណដា ផងដែរ។

ឃើញបទចម្រៀងសាបៗពីអតីតដៃគូសហការបែបនេះ វណ្ណដា បានព្រលះវិញថា «អាលាមកអើយ មានអាលើហ្នឹងអត់? អញស្មានតែខ្លាំង»។ មិនត្រឹមតែពោលពាក្យនេះប៉ុណ្ណោះទេ វណ្ណដា គឺបានមេនសិន Youngohm ចំៗខុសពី Youngohm ជេរ វណ្ណដា សរសេរតែឈ្មោះមិនហ៊ានមេនសិនគណនីបណ្តាញសង្គមឡើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត វណ្ណដា ក៏បានពោលពាក្យយ៉ាងចាក់ដោតឱ្យទស្សនិកជនថៃឈឺចិត្តផងដែរគឺបានបង្ហោះថា «ទៅអាម៉េរិកទិញ micថ្លៃៗ ទុកវ៉ៃមាត់ឆ្កែហ្នឹងហ្អា»។ លើសពីនេះទៅទៀត វណ្ណដា ក៏បានចាប់ដៃគូចាស់គឺសង្ហា ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំពីស្នាដៃរបស់អ្នកទាំងពីរទៅកាន់ Youngohm និងសៀម។
មានការឈ្លោះប្រកែកគ្នាជាសាធារណៈបែបនេះហើយ វណ្ណដា ក៏មិនខ្ចីទុកបទចម្រៀងដែលធ្លាប់សហការគ្នាជាមួយនឹង Youngohm មានចំណងជើងថា «smoke up» ដែលបានទម្លាក់ MV កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ៕










