ប្រទេសថៃ ៖ ការអប់រំប្រវត្តិសាស្ត្រក្លែងក្លាយបានធ្វើឱ្យពលរដ្ឋថៃយល់ច្រឡំរហូតមក គឺពួកគេតែងតែយល់ថា កម្ពុជាជាប្រទេសទើបបង្កើតថ្មី ហើយបារាំងបានយកខេត្តមួយចំនួនរបស់ថៃប្រគល់ឱ្យកម្ពុជា ដូចជា ៖ ខេត្តកោះកុង បាត់ដំបង សៀមរាប និងស៊ីសូផុន ។ ហេតុនេះ ពលដ្ឋថៃតែងតែខឹងសម្បារ ឈឺចាប់ចង់បានខេត្តទាំងនេះ និងជំរុញឱ្យកងទ័ពខ្លួនធ្វើសង្គ្រាមជាមួយកម្ពុជាដោយពុំខ្លាចច្បាប់អន្តរជាតិ ។
អតីតប្រធានសភាតំណាងរាស្ត្រ និងស្ថាបនិកសាកលវិទ្យាល័យ Rangsit លោក អាថីត អ៊ុរៃរ៉ាត់ បានសរសេរក្នុងហ្វេសប៊ុក នៅខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា រដ្ឋាភិបាលថៃត្រូវតែចេញសេចក្តីថ្លែងការណ៍ប្រកាសឱ្យប្រទេសនានានៅទូទាំងពិភពលោកដឹងច្បាស់ថា ទឹកដីមួយចំនួនរបស់កម្ពុជា គឺជាអតីតទឹកដីថៃពីមុនមក ដូចជា ៖ នៅសម័យរជ្ជកាលទី៥ ខេត្តកោះកុង បាត់ដំបង សៀមរាប និងស៊ីសូផុន គឺជាទឹកដីថៃ ។
លោក អាថីត អ៊ុរៃរ៉ាត់ និយាយថា ពេលបារាំងមកដាក់អាណានិគមនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងធ្វើសន្ធិសញ្ញានៅទីក្រុងតូក្យូ បារាំងក៏បានប្រគល់ខេត្តកោះកុងឱ្យកម្ពុជា ។ កាលពីសម័យរជ្ជកាលទី៦ ខេត្តកោះកុង គឺជាខេត្តរបស់ថៃមានឈ្មោះថា ប្រាជួបស៊ិរីខេត្ត ជាគូជាមួយខេត្តប្រាជួបស៊ិរីខាន់ ដែលមានទីតាំងនៅទល់មុខឈូងសមុទ្រថៃ ហើយបារាំងក៏បានប្រគល់ខេត្តបាត់ដំបង សៀមរាប ស៊ីសូផុន ទៅឱ្យកម្ពុជាដែលជាប្រទេសទើបបង្កើតថ្មីយ៉ាងអយុត្តិធម៌ ហើយថៃត្រូវតែយល់ព្រម ។
តាមសន្ធិសញ្ញាព្រំដែនទឹក គឺបណ្តាប្រទេសទាំងឡាយ រួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺស្ថិតនៅលើទឹកដីថៃទាំងអស់ ។ ពេលនោះ បារាំងពុំបានប្រើប្រាស់ផែនទីថៃ គឺបារាំងប្រើប្រាស់ផែនទីអន្តរជាតិជាគោល ហើយថៃត្រូវព្រមទទួលយកតាមផែនទីបារាំងរហូតមក ។ តាំងពីពេលនោះមក ថៃចាត់ទុកប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាដូចជាបងប្អូន (គឺប្រទេសថៃជាបង ប្រទេសកម្ពុជាជាប្អូន) ហើយថៃបានជួយកម្ពុជាគ្រប់ផ្នែករហូតមក ទោះជាពេលកម្ពុជាមានសង្គ្រាមផ្ទៃក្នុង ថៃក៏បានជួយជម្លៀសជនភៀសខ្លួនពីសង្គ្រាម ។
លោកបន្តថា កម្ពុជាពុំធ្លាប់ទទួលស្គាល់ការពិត ហើយអតីតប្រធានសភាតំណាងរាស្ត្រចោទប្រកាន់ថា កម្ពុជាបានល្មើសចូលទឹកដីថៃជាបន្តបន្ទាប់ តាំងពីប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗ រួមទាំងឃុបឃិតជាមួយអ្នកនយោបាយថៃបែងចែកផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាបែងចែងទ្រព្យសម្បត្តិជាតិ និងអធិបតេយ្យ រហូតដល់កម្ពុជា-ថៃត្រូវធ្វើកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ។
លោកបន្តទៀតថា កម្ពុជានៅតែទាមទារទឹកដីថៃជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដោយកម្ពុជាពុំដឹងគុណ និងមានមិត្តភាពជាមួយប្រទេសថៃទេ ហើយថែមទាំងស្អប់ថៃទៀត ។ ហេតុនេះ បើកម្ពុជានៅតែពុំបញ្ឈប់ការទាមទារទឹកដីពីថៃ គឺកម្ពុជាជាអ្នកបង្ខំឱ្យថៃគ្មានជម្រើសអ្វីក្រៅពីទាមទារទឹកដីថៃទាំងអស់ពីកម្ពុជាមកវិញ ដូចជា ៖ ខេត្តកោះកុង បាត់ដំបង សៀមរាប និងស៊ីសូផុន ។ កម្ពុជាត្រូវប្រគល់ខេត្តទាំងនេះឱ្យថៃវិញដើម្បីឱ្យជនជាតិថៃនៅខេត្តទាំងនេះរស់នៅមានសេចក្តីសុខបន្តទៀត ។
ចុងក្រោយ លោក អាថីត អ៊ុរៃរ៉ាត់ អតីតប្រធានសភាតំណាងរាស្ត្របញ្ជាក់ថា ប្រទេសថៃគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ ។ ព្រះមហាក្សត្រថៃមានអំណាច និងតួនាទីការពារសន្តិសុខជាតិ និងពលរដ្ឋ ព្រះមហាក្សត្រជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងពុំមែនជារដ្ឋមន្ត្រីក្រសួងការពារជាតិទេ ។
គួរបញ្ជាក់ថា ពលរដ្ឋថៃពុំទទួលស្គាល់ការពិតឡើយ ពលរដ្ឋថៃរៀនសូត្រតែប្រវតិ្តសាស្ត្រក្លែងក្លាយពីជំនាន់មួយទៅជំនាន់មួយ ទើបធ្វើឱ្យពួកគេមានមហិច្ឆតាឈ្លានពាន និងលេបទឹកដីកម្ពុជា ។ រដ្ឋាភិបាលថៃតែងតែងអំពាវនាវឱ្យមានកិច្ចចរចាទ្វេភាគីដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា និងបដិសេធពុំឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសារខ្លាចចាញ់កម្ពុជា ៕










