តារាចម្រៀងឱក សុគន្ធកញ្ញា និងពលរដ្ឋខ្មែរជាច្រើនរយនាក់ទៀតដែលកំពុងស្ថិតនៅប្រទេសអូស្រ្តាលី ដោយមិនប្រកាន់និន្នាការនយោបាយបានចូលរួមផ្ញើសារលើកទឹកចិត្តទៅដល់កងទ័ពជួរមុខនិងផ្ញើសារទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ។ សម្រែករបស់អ្នកនាង ឱក សុគន្ធកញ្ញា និងពលរដ្ឋជាច្រើននាក់ទៀតទាំងក្នុងស្រុកនិងក្រៅស្រុកអាចបញ្ជាក់បានថាប្រទេសកម្ពុជាស្អាតស្អំនិងមិនចង់បានសង្គ្រាមនោះទេហើយប្រទេសថៃជាអ្នកឈ្លានពានមុន។
នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយថាដោយបានបង្ហាញថាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី មកពីទីក្រុងស៊ីននី និងបណ្តារដ្ឋផ្សេងទៀតបានមកជួបជុំគ្នានៅមុខរដ្ឋសភា Victoria ក្នុងទីក្រុង Melbourne ។ ក្នុងវីដេអូនេះអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ជាក់ថាទោះបីជារាងកាយរបស់ពួកគេនៅឆ្ងាយពីប្រទេសកម្ពុជាតែបេះដូងរបស់ពួកគេគឺផ្សាភ្ជាប់ជាមួយនឹងកងទ័ពដែលកំពុងតែស្ថិតនៅជួរមុខដោយប្រើប្រាស់សំឡេង និងរូបភាពជាប្រជាជនកម្ពុជាបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងថា ប្រទេសកម្ពុជាកំពុងជួបការវាយប្រហារយ៉ាងខ្លាំងពីប្រទេសថៃដែលចង់បានទឹកដីប្រទេសកម្ពុជាយ៉ាងខ្លាំង។

តារាចម្រៀងដ៏មានឈ្មោះបោះសំឡេងរូបនេះបានលើកឡើងទៀតថាការជួបជុំគ្នានេះគឺចង់បញ្ជាក់ទៅកាន់ពិភពលោកក៏ដូចជារដ្ឋសភាអូស្ត្រាលីប្រទេសកម្ពុជាកំពុងតែរងគ្រោះនិងស្វែងរកយុត្តិធម៌ពីបណ្តាប្រទេសទាំងអស់ទូទាំងពិភពលោក។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួនអ្នកនាង ឱក សុគន្ធកញ្ញា បានផ្តល់ជាកម្លាំងចិត្តជូនពរដល់កងទ័ពជួរមុខឱ្យយកឈ្នះអស់មារសត្រូវ។ .png)
នៅក្នុងវីដេអូផ្សេងទៀត គេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានកាន់ក្បាលមេក្រូស្រែករកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ ជាមួយនឹងការទាមទាររកយុត្តិធម៌ និងផ្ញើសារទៅកាន់ពិភពលោកថា «កម្ពុជាមិនត្រូវការសង្គ្រាមទេ» តារាចម្រៀងរូបនេះនិងពលរដ្ឋខ្មែរជាច្រើនបានស្រែកច្រៀងបទ «ដែនដីខ្មែរ»៕










