ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ព្រះមហាក្សត្រថៃប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកលើខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា ដើម្បីផ្តល់អំណាចឱ្យកងទ័ពថៃបញ្ជាទ័ពក្នុងកម្រិតថ្នាក់ជាតិ ។ សេចក្តីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះ ចុះហត្ថលេខាជាផ្លូវការដោយលោកឧត្តមនាវី អភិឆាត សាប់ប្រាសឺត មេបញ្ជាការការពារព្រំដែនខេត្តចាន់បុរី និងត្រាត និងចូលជាធរមានចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៥ ខែកក្កដា បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត បានចេញសេចក្តីប្រកាសពីការប្រើប្រាស់ច្បាប់អាជ្ញាសឹកក្នុងតំបន់មួយចំនួនរបស់ខេត្តទាំង២ ស្របតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាកំណែទម្រង់ប្រជាធិបតេយ្យក្រោមរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រថៃជាប្រមុខ ចុះតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ។

ការប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះ កងទ័ពថៃចោទប្រកាន់ថា ដោយសារកម្ពុជាប្រើប្រាស់កម្លាំង និងអាវុធឈ្លានពានចូលទឹកដីរបស់ខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ហេតុនេះ វាជាការចាំបាច់ និងពុំអាចចៀសវាងបានដែលថៃត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច រហូតដល់ពលរដ្ឋថៃគ្រប់រូបរួមគ្នាការពារប្រទេសពីការគំរាមកំហែងនៅក្រៅប្រទេស ។

កងទ័ពថៃបានបញ្ជាក់ពីការប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីរក្សាអធិបតេយ្យ និងបូរណភាពទឹកដី រហូតដល់ការពារអាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ ។ ថៃអាចចាំបាច់ប្រកាសអនុវត្តច្បាប់អាជ្ញាសឹកក្នុងតំបន់មួយចំនួនបន្ថែមទៀត ស្របតាមច្បាប់ចែងក្នុងមាត្រា១៧៦ នៃរដ្ឋធម្មនុញ្ញ រួមទាំងមាត្រា៤ នៃច្បាប់អាជ្ញាសឹក ឆ្នាំ១៩១៤ ។

ការប្រើប្រាស់ច្បាប់អាជ្ញាសឹកកំណត់ឱ្យប្រើប្រាស់ក្នុងតំបន់ដូចខាងក្រោមនេះ ៖

១-ខេត្តចាន់បុរី រួមមាន ៖ ស្រុកមឿងចាន់បុរី ស្រុកថាម៉ៃ ស្រុកម៉ាខាម ស្រុកឡែមស៊ីង ស្រុកគេងហាងមែវ ស្រុកណាយ៉ាយអាម និងស្រុកខោឃីតឆាគូ
២-ខេត្តត្រាត រួមមាន ៖ ស្រុកខោសៈមីង ។

សេចក្តីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹក គឺចុះហត្ថលេខាជាផ្លូវការដោយលោកឧត្តមនាវី អភិឆាត សាប់ប្រាសឺត មេបញ្ជាការការពារព្រំដែនខេត្តចាន់បុរី និងត្រាត និងចូលជាធរមានចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកលើខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា មានន័យថា តំបន់របស់ខេត្តចាន់បុរី និងត្រាត ត្រូវស្ថិតក្រោមច្បាប់គ្រាអាសន្ន ។ ថៃអះអាងថា ស្ថានការណ៍ព្រំដេនបានឡើងកំដៅខ្លាំង និងអំពាវឱ្យកងទ័ព សមត្ថកិច្ច ក៏ដូចជាពលរដ្ឋរួមគ្នាការពារបូរណភាពទឹកដី ។

ហេតុនេះ សូមកងទ័ពខ្មែរយើងដែលការពារទឹកដីពីសត្រូវឈ្លានពាន សូមប្រុងប្រយ័ត្ននៅគ្រប់សមរភូមិប្រយុទ្ធទាំងអស់ ដោយសារថៃអនុវត្តច្បាប់អាជ្ញាសឹកជាផ្លូវការ ហើយកងទ័ពថៃនឹងបញ្ជាទ័ពក្នុងកម្រិតថ្នាក់ជាតិ ៕