ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពឈ្លានពានថៃបានបា.ញ់ប្រ.ហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងការពារអធិបតេយ្យ និងបូរណភាពទឹកដី ហើយកងទ័ពកម្ពុជាក៏ប្រើប្រាស់សិទ្ធិការពារខ្លួនជាមួយសត្រូវ ។ កងទ័ពថៃប្រើប្រាស់អាវុធគ្រប់ប្រភេទវាយសម្រុកលើកម្ពុជា ចាប់ពីអាវុធធុនស្រាល អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម កាំភ្លើងធំ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើវត្តអារ៉ាម មណ្ឌលសុខភាព ទីប្រជុំជន សាលារៀនកម្ពុជា រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ប៉ុន្តែរដ្ឋាភិបាល កងទ័ព និងពលរដ្ឋថៃបែរជាចោទប្រកាន់ថា កងទ័ពកម្ពុជាចាប់ផ្តើមបង្កសង្គ្រាមមុនជាមួយថៃ ខណៈសារព័ត៌មាននានារបស់ថៃព្យាយាមផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោកថា កម្ពុជាបាញ់ប្រហារមកលើថៃមុននៅតំបន់ព្រំដែន ។ ប៉ុន្តែភាគីដែលចាប់ផ្តើមសង្គ្រាមមុន គឺកងទ័ពថៃខ្លួនឯង ដោយសារពួកគេចង់គំរាមឱ្យកងទ័ពកម្ពុជាដកថយពីទឹកដី ប្រាសាទបុរាណកម្ពុជា និងឱ្យកម្ពុជាដកពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រសិនបើចង់ឱ្យថៃទម្លាក់អាវុធ ។

ស្របពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅខ្លាំង ពលរដ្ឋ និងនិស្សិតថៃបានរួមគ្នាថតវីដេអូនិយាយជាភាសាអង់គ្លេសប្រាប់ពិភពលោកឱ្យថ្កោលទោសកម្ពុជាជាអ្នកចាប់ផ្តើមវាយប្រហារថៃមុន ។ និស្សិតថៃម្នាក់និយាយជាភាសាអង់គ្លេសប្រាប់ពិភពលោកថា កម្ពុជាវាយប្រហារថៃ និងអមនុស្សធម៌ ហើយនិស្សិតរូបនេះទាមទារឱ្យពិភពលោកផ្តល់យុត្តិធម៌ឱ្យថៃ និងចោទប្រកាន់ថា កងទ័ពកម្ពុជាវាយប្រហារលើតំបន់ស៊ីវិល ។

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកកាសែតកងទ័ពថៃបានបង្ហោះវីដេអូក្នុងហ្វេសប៊ុកឈ្មោះ «Wassana Nanuam» ដែលជាវីដេអូរបស់និស្សិតថៃម្នាក់និយាយភាសាអង់គ្លេសប្រាប់ទៅពិភពលោកឱ្យថ្កោលទោសកម្ពុជាក្នុងការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ។

និស្សិតថៃរូបនេះនិយាយថា Thailand will not Forget. Thai Youth’s Voice គឺកូនសិស្ស និងនិស្សិតថៃជួយគ្នាធ្វើសង្គ្រាមក្នុងបណ្តាញសង្គមដើម្បីឱ្យពិភពលោក និងអង្គការសហប្រជាជាតិ (UN) បានដឹងពីការបាញ់គ្នារវាងកងទ័ពកម្ពុជា-ថៃ ។ និស្សិតថៃបានទម្លាក់កំហុសមកលើកងទ័ពកម្ពុជាថា ប្រព្រឹត្តទង្វើលើកុមារ និងនិស្សិត ហើយនិស្សិតថៃពុំបាននិយាយពីថៃឈ្លានពានកម្ពុជាប្រាប់ឱ្យពិភពលោកដឹងទេ ។

និស្សិតថៃរូបនេះប្រាប់ពិភពលោកថា ភាគីកម្ពុជាចាប់ផ្តើមធ្វើសង្គ្រាមមុនកាលពីថ្ងៃទី២៤ ខែកក្កដា ដោយចោទប្រកាន់ថា កងទ័ពកម្ពុជាចាប់ផ្តើមប្រើប្រាស់អាវុធធុនធ្ងន់បាញ់មកលើតំបន់ស៊ីវិល ពុំមែនជាទីតាំងកងទ័ព បណ្តាលឱ្យពលរដ្ឋថៃពុំពាក់ព័ន្ធនឹងសង្គ្រាមស្លាប់ ។ ប៉ុន្តែនិស្សិតថៃរូបនេះពុំបានប្រាប់ពិភពលោកឱ្យដឹងពីពលរដ្ឋ និងកងទ័ពកម្ពុជាស្លាប់ដោយសារថៃឈ្លានពានឡើយ ។

ក្រៅពីនេះ និស្សិតថៃថែមទាំងប្រាប់ឱ្យពិភពលោកថ្កោលទោស និងចោទកម្ពុជាល្មើសច្បាប់-សន្ធិសញ្ញាយ៉ាងធ្ងន់ធ្ងរ ។ ចុងក្រោយ និស្សិតថៃក៏អរគុណកងទ័ពរបស់ខ្លួនដែលបានរំលោភឈ្លានពានទឹកដីកម្ពុជា ហើយសន្យាថា នឹងពុំនៅស្ងៀមស្ងាត់ឡើយ ខ្លួននឹងតវ៉ាទៅពិភពលោកក្នុងបណ្តាញសង្គម ។

ពេលនេះ សូមនិស្សិតកម្ពុជាដែលចេះនិយាយភាសាបរទេសជួយគ្នានិយាយក្នុងបណ្តាញសង្គមប្រាប់ពិភពលោកពីការឈ្លានពានរបស់ថៃ ដើម្បីឱ្យពិភពលោកដឹងការពិត មិនថានិយាយជាភាសាអង់គ្លេស បារាំង ចិន កូរ៉េខាងត្បូង និងជប៉ុន ។ កងទ័ពកម្ពុជាប្រយុទ្ធនៅសមរភូមិមុខការពារទឹកដី និងពលីជីវិតដើម្បីជាតិ ដូច្នេះ ពលរដ្ឋ និងនិស្សិតខ្មែរដែលចេះភាសាបរទេស សូមនិយាយភាសាបរទេសប្រាប់ពិភពលោក ពីព្រោះពេលនេះ ជាពេលដែលយើងនៅសមរភូមិក្រោយត្រូវសាមគ្គីគ្នាទាមទារភាពយុត្តិធម៌សម្រាប់ជាតិ ៕