កំពុងតែនាំយកតន្រ្តីខ្មែរបង្ហាញនៅលើទឹកដីសហរដ្ឋអាម៉េរិកតារារ៉េប វណ្ណដា វណ្ណថាន រ៉េត ស៊ូហ្សាណា បានចេញសារលើកទឹកចិត្តនិងបួងសួងដល់បុព្វបុរសខ្មែរថែរក្សាការពារកងទ័ពជួរមុខកម្ពុជាដែលសត្រូវឈ្លានពានថៃបានបើកវាយប្រហារមុនមកលើកម្ពុជាទាំងព្រឹកនៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥។
វណ្ណដា បានបង្ហោះនៅលើផេកផ្លូវការថា «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និងបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ពជួរមុខប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា»។ តារាចម្រៀង នរិទ្ធ បានបង្ហោះថា «សូមបន់ស្រន់បារមីវត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សាការពារឱ្យបងប្អូនកងទ័ពទាំងអស់ ទទួលបានជោគជ័យ និងសុវត្ថិភាពទាំងអស់គ្នា សូមអ្នកទាំងអស់គ្នាចូលរួមផ្តល់កម្លាំងចិត្តដល់វីរកងទ័ពខ្មែរយើង»។
កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «សូមជូនពរ និងផ្តល់កម្លាំងចិត្តដល់បងប្អូនកងទ័ពទាំងអស់ឱ្យមានសុខសុវត្ថិភាព ។ ងាកទៅកាន់តារារ៉េប យូហៃ ក៏បានជូនពរកងទ័ពកម្ពុជាដែរថា «សូមឱ្យបងៗវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាននៃកម្ពុជាទទួលបានជោគជ័យ»។
តារាចម្រៀង វណ្ណថាន ដែលពូកែលេងឧបករណ៍ភ្លេងខ្មែរវិញបានបង្ហោះយ៉ាងដូច្នេះថា «សូមទសបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជួយតាមថែរក្សាវីរកងទ័ពគ្រប់រូបដែលកំពុងឈរជើងការពារទឹកដី»។
ការផ្ទុះអាវុធនៅព្រឹកថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថានៅវេលាម៉ោងប្រមាណ៦កន្លះព្រឹក ភាគីថៃ បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយបន្លាលួសតាមជើងប្រាសាទ។ នៅវេលាម៉ោង៧:៤នាទីព្រឹក ភាគីថៃបានបង្ហោះដ្រូនរយៈពេល២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង៨:៤៦នាទីព្រឹក កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុន មកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារនៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ចំនួន២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ។បន្ទាប់មកនៅវេលាម៉ោង៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕










