នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុ.ធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា ។ នេះបើតាមការលើកឡើងលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។
កងទ័ពថៃបើកឆាកបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន គឺក្រោយពីកងទ័ពថៃ៥នាក់បានដើរល្បាតជាន់មីនបណ្តាលឱ្យដាច់ជើង និងរងរបួសនៅបរិវេណច្រកអានម៉ា ខេត្តឧប៊ុនរ៉ាជថានី (នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ហើយមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ក៏បញ្ជាឱ្យបិទប្រាសាទខ្មែរចំនួន៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ។ ជាមួយគ្នានេះ កាលពីថ្ងៃទី២៣ ខែកក្កដា នាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថា វីឆាយ៉ាឆៃ បានបណ្តេញឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកមកកម្ពុជា និងកោះហៅឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញត្រឡប់ទៅថៃវិញ ។
ចំណែកសារព័ត៌មាននានារបស់ថៃចុះផ្សាយថា កងទ័ពថៃពុំបានបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុនទេ គឺកងទ័ពកម្ពុជាបើកឆាកបាញ់ប្រហារកងទ័ពថៃមុន ។ អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក វីឆា សុខស៊ុវ៉ាណុន និយាយថា នាវេលាម៉ោង៧និង៣៥នាទី នៅថ្ងៃទី២៤ ខែកក្កដា ភ្នាក់ងារថែទាំប្រាសាទតាមាន់ធំ បានឮសំឡេងដ្រូន UAV របស់កម្ពុជាហោះនៅមុខបរិវេណមុខប្រាសាទតាមាន់ធំ ប៉ុន្តែថៃពុំអាចត្រួតពិនិត្យដោយភ្នែកទទេច្បាស់លាស់ ។
បន្ទាប់មក ថៃបានឃើញកងទ័ពកម្ពុជាចំនួន៦នាក់ ព្រមទាំងអាវុធ RPG ដើរចូលមកក្បែរបរិវេណខាងមុខមូលដ្ឋានប្រតិបត្តិការរបស់កងទ័ពថៃ ហើយកងទ័ពថៃក៏បានស្រែកសុំចរចាដើម្បីចៀសវាងជម្លោះ ។ ពេលនេះ កងទ័ពថៃបានត្រៀមកម្លាំងរួចរាល់នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ទល់ជាមួយការប៉ះទង្គិច ។
កងទ័ពថៃចោទប្រកាន់ថា នាវេលាម៉ោង៨និង២០នាទី កងទ័ពកម្ពុជាបានបើកឆាកបាញ់មកកាន់បរិវេណទល់មុខមូលដ្ឋានប្រតិបត្តិការកងទ័ពថៃ «ជ្រូកព្រៃ» ស្ថិតនៅភាគខាងកើតប្រាសាទតាមាន់ធំ ចម្ងាយប្រមាណ២០០ម៉ែត្រ ។ ថ្ងៃនេះ (ថ្ងៃទី២៤ ខែកក្កដា) កងទ័ពថៃកំពុងតាមដានស្ថានការណ៍ការប៉ះទង្គិចនេះជាបន្តបន្ទាប់ ។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod រាយការណ៍ថា នាវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី២៤ ខែកក្កដា មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃនៅភាគខាងត្បូងប្រាសាទតាមាន់ធំ ។ រហូតមកដល់ម៉ោង៩និង៥នាទី បានឮសំឡេងកាំភ្លើងធំនៅភូមិបានអំពិល ឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ជាហេតុធ្វើឱ្យពលរដ្ឋថៃជម្លៀសពីលំនៅឋានជាបន្ទាន់ ៕










