ប្រទេសថៃ ៖ សារព័ត៌មានថៃ The Reporters រាយការណ៍ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ នៅក្បែរប្រាសាទតាមាន់ធំ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឱ្យកងទ័ពថៃរងរបួស២នាក់ ។ លើសពីនេះ កងទ័ពកម្ពុជា-ថៃក៏បានប៉ះទង្គិចគ្នានៅតំបន់ជាច្រើនទៀតតាមបរិវេណព្រំដែន ដូចជា ៖ តំបន់ផាម៉អ៊ីឌែង និងប្រាសាទព្រះវិហារ ទើបលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បញ្ជាឱ្យកងទ័ពថៃបា.ញ់កាំភ្លើងធំទប់ទល់ជាមួយកងទ័ពកម្ពុជា ។

កងទ័ពថៃចោទប្រកាន់ថា នាវេលាម៉ោង៨និង២០នាទី ថ្ងៃទី២៤ ខែកក្កដា នេះ កងទ័ពកម្ពុជាបានចាប់ផ្តើមបាញ់មកកាន់បរិវេណមូលដ្ឋានប្រតិបត្តិការភាគខាងកើតប្រាសាទតាមាន់ធំ ចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ។ បន្ទាប់មក កងទ័ពថៃរាយការណ៍បន្ថែមថា នាវេលាម៉ោង៩និង២០នាទី កងទ័ពថៃបានរងរបួស២នាក់ ដោយសារគ្រាប់កាំភ្លើងនៅបរិវេណប្រាសាទតាមាន់ធំ ។

ដោយឡែក ហ្វេសប៊ុកផេកកងទ័ពភូមិភាគ២របស់ថៃ ប្រកាសបន្ថែមថា នាវេលាម៉ោង៩និង៤០នាទី (ថ្ងៃដដែល) កងទ័ពកម្ពុជាចាត់វិធានការខ្លាំងដោយពុំគិតពីអាយុជីវិតពលរដ្ឋថៃ ដោយកងទ័ពកម្ពុជាបាញ់គ្រាប់រ៉ុក្កែត BM-21 ធ្លាក់មកលើប្រាសាទដូនទួន នៅខេត្តស៊ីសាកេត ។

ក្រោយមក នាវេលាម៉ោង៩និង៤៧នាទី គឺមានការប៉ះទង្គិចគ្នាគ្រប់តំបន់នៅខេត្តសុរិន្ទ ខេត្តឧប៊ុនរ៉ាជថានី និងខេត្តស៊ីសាកេត ។ ហេតុនេះ នាវេលាម៉ោង៩និង៥៥នាទី អាជ្ញាធរថៃបានជម្លៀសពលរដ្ឋចេញពីលំនៅឋានជាបន្ទាន់ទៅកាន់កន្លែងសុវត្ថិភាព ហើយចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់សំដៅមកកាន់ទីប្រជុំជននៅតំបន់អភិវឌ្ឍន៍តំបន់ព្រំដែន ស្រុកកាបឈើង ខេត្តសុរិន្ទ ។

នាវេលាម៉ោង១០និង៣នាទី កងទ័ពថៃចោទប្រកាន់ថា កងទ័ពកម្ពុជាព្យាយាមរំលោភចូលក្នុងទឹកដីរបស់ខ្លួននៅបរិវេណប្រាសាទតាក្របី ទើបលោក ប៊ុនស៊ីន ផាកក្លាង បញ្ជាឱ្យកងទ័ពថៃបាញ់កាំភ្លើងធំមកលើកងទ័ពកម្ពុជា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters ៕