នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានចុះប្រតិបត្តិការឃាត់ខ្លួនជនបរទេស ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិបរទេស៤៩១នាក់ ក្នុងនោះរួមមានជាជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ប៉ាគីស្ថាន ឥណ្ឌា បង់ក្លាដេស និងមីយ៉ាន់ម៉ា។

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ បានកំពុងស្នាក់នៅក្នុងបរិវេណ នៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិន រងចាំនិតិវិធីច្បាប់ជាបន្ត។

គួរបញ្ជាក់ថា សមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ស្របតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល៕