ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd របស់ប្រទេសចិន គ្រោងនឹងបង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យនៅក្នុងខេត្តកំពង់ស្ពឺ។
បើតាមផែនការ រោងចក្រនេះនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅពាក់កណ្តាលខែកក្កដាឆ្នាំ២០២៥នេះ ហើយត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ប្រមាណ៣០០០កន្លែង។
គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីជិត ៦០០ហិកតានៅក្នុងខេត្តកំពង់ស្ពឺ ដោយចំណាយទុនវិនិយោគ៥០០លានដុល្លារ។
ជាការឆ្លើយតប អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទំហឹង ដោយបានសន្យាថា នឹងផ្តល់ការគាំទ្រ និងជួយសម្របសម្រួលក្នុងការដំណើរការផ្នែកច្បាប់ និងនីតិវិធីចាំបាច់នានា ដើម្បីធានាឱ្យដំណើរការនៃការបង្កើតរោងចក្រនេះប្រព្រឹត្តិទៅបានដោយរលូន។
គួរបញ្ជាក់ថា រោងចក្រ និងសហគ្រាស ប្រមាណជា៩០ភាគរយនៅក្នុងខេត្តកំពង់ស្ពឺ គឺស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន៕










