កាលពីល្ងាចថ្ងៃទី៨ កក្កដា ទស្សនិកជនមួយចំនួនជ្រាបមកហើយថាពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានស្វាគមន៍កូនដំបូងហើយបន្ទាប់ពីរង់ចាំអស់ រយៈពេល៩ខែ។ អ្វីដែលកាន់តែចាប់អារម្មណ៍តាមការឱ្យដឹងពីពិធីការិនីរូបនេះ ផ្ទាល់កូន ប្រុសរបស់នាងគឺមានឈ្មោះបែបខ្មែរយ៉ាងពីរោះថែមទាំងលាយឈ្មោះប៉ាម៉ាក់ថែមទៀត។

គេដឹងថាកូនប្រុសស្រីរបស់អ្នកសិល្បៈមួយចំនួនបានជ្រើសរើសដាក់ឈ្មោះតាមបែបបរទេសទៅតាមការស្រលាញ់និងចូលចិត្តរៀងៗខ្លួនតាមសម័យកាលទំនើប។ ទោះជាយ៉ាងណាក៏មានអ្នកសិល្បៈមួយចំនួនបានសម្រេចចិត្តដាក់ឈ្មោះកូនប្រុសស្រីរបស់ខ្លួនជាឈ្មោះបែបខ្មែរផងដែរជាក់ស្តែងដូចជាពិធីការិនីល្បីឈ្មោះប្រចាំប្រទេស ហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។
ក្រោយការចូលរួមអបអរសាទរយ៉ាងច្រើនពីមហាជននិងមិត្តរួមអាជីពសិល្បៈ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានជូនដំណឹងដល់មហាជនផងដែរថានាងនិងកូនប្រុសរបស់ខ្លួនគឺមាន សុខភាពល្អនោះទេសូមកុំឱ្យមានការព្រួយបារម្ភ។ ជាមួយនឹងការជូនដំណឹងអំពីសុខភាព ម្តាយកូនពិធីការិនីរូបនេះបានបង្ហាញថាកូនប្រុសដំបូងរបស់នាងនិងស្វាមីលោក ឌី ពេជ្រ គឺមានឈ្មោះថា «ឌី ពេជ្ររ័ត្នបញ្ញាបុត្រ»។
កូនប្រុសរបស់អ្នកទាំងពីរគឺទទួលបានការសរសើរយ៉ាងច្រើនពីមហាជនថាគួរឱ្យស្រលាញ់ជាពិសេសគឺឈ្មោះពីរោះនិងពោរពេញដោយអត្ថន័យថែមទាំងមានឈ្មោះឪពុកម្តាយទៀត។
គួរបញ្ជាក់ផងដែរថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានបង្ហាញថាមានផ្ទៃពោះជាសាធារណៈកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការកាលពីខែធ្នូ ឆ្នាំ២០២៣។ រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរប្រៀបដូចជាប្រលោមលោកព្រោះអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា៣ ឆ្នាំរួមហើយក៏បែកគ្នា៨ឆ្នាំហើយមិនដែលបានជួបមុខគ្នាទាល់តែសោះ។ ទោះយ៉ាងណា ដ្បិតតែបែកគ្នាជាច្រើនឆ្នាំព្រហ្មលិខិតបានចារឱ្យអ្នកទាំងពីរជួបគ្នាម្តងទៀតក្លាយជាប្តីប្រពន្ធរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខរហូតមានដំណក់ឈាមរួមគ្នា៕










