ប្រទេសថៃ ៖ សមាជិកសភាមកពីគណបក្សប្រជាជននៅប្រទេសថៃបានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេសលាលែងពីតំណែងដើម្បីទទួលខុសត្រូវពីការបំពេញការងារបរាជ័យ ដោយសារលោក Trump យកពន្ធទំនិញថៃស្មើអត្រា៣៦% ដូចមុន ដោយសមាជិកសភាបន្ទោសថា មកពីរដ្ឋមន្ត្រីទាំងនេះពុំពន្លឿនការចរចាពន្ធទំនិញជាមួយអាមេរិក ទើបធ្វើឱ្យប្រទេសថៃខាតបង់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Matichon កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី៨ ខែកក្កដា នៅរដ្ឋសភា លោក ជុលឡាផុង យូកេត សមាជិកសភាមកពីគណបក្សប្រជាជន និងជាអនុប្រធានគណៈកម្មការពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា រួមទាំងជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សភាតំណាងរាស្ត្រ បាននិយាយពីអាមេរិកយកពន្ធទំនិញនាំចេញពីប្រទេសថៃ ស្មើ៣៦% ចាប់ពីថ្ងៃទី១ ខែសីហា ថា រដ្ឋាភិបាលអាមេរិកយកពន្ធទំនិញថៃខ្ពស់ រហូតដល់៣៦% ។ វាបង្ហាញពីគោលនយោបាយខុសឆ្គង និងការធ្វើការគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាណត្តិនេះ ទាំងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងកិច្ចការបរទេស ។
លោក ជុលឡាផុង យូកេត បន្តថា រដ្ឋាភិបាលទើបតែផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពីព្រោះអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវបានដកចេញពីតំណែង ហើយមានតែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេស ។ ខ្ញុំអំពាវនាវឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងការបរទេសត្រូវតែទទួលខុសត្រូវដើម្បីបង្ហាញថា អ្នកនយោបាយមានគោលនយោបាយខុសធ្វើឱ្យប្រទេសថៃខូចខាត គឺលាលែងពីតំណែង ពុំចាំបាច់ឱ្យអ្នកណាបណ្តេញចេញ ឬបញ្ឈប់ការងារ ។
មូលហេតុដែលលោកអំពាវនាវឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុលាលែងពីតំណែង ដោយសារតាំងពីលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិកកាលពីខែមករា គឺគណបក្សប្រឆាំង និងគណៈកម្មការពាណិជ្ជកម្មថៃបានស្នើឱ្យរដ្ឋាភិបាលប្រញាប់ចរចារឿងពន្ធទំនិញនាំចូលអាមេរិកជាបន្ទាន់ ហើយគណៈកម្មការពាណិជ្ជកម្មក៏បានប្រជុំរឿងពន្ធចំនួន៤លើកជាមួយផ្នែកឯកជន ព្រមទាំងផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីឱ្យពន្លឿនការចរចា ប៉ុន្តែពុំជោគជ័យ ។

រដ្ឋាភិបាលបណ្តោយឱ្យរដ្ឋមន្ត្រីជាអ្នកចរចាពន្ធជាមួយអាមេរិក គឺរដ្ឋមន្ត្រីហិរញ្ញុវត្ថុប្រាប់ឱ្យថៃរង់ចាំសិន កុំទាន់ចរចា ពីព្រោះឃើញវៀតណាមប្រញាប់ចរចាពន្ធជាមួយអាមេរិក នៅពុំទទួលលទ្ធផល ប៉ុន្តែពេលនេះ អាមេរិកយកពន្ធពីវៀតណាមត្រឹមតែ២០% ។ ដូច្នេះ លោកចាត់ទុកថា រដ្ឋមន្ត្រីហិរញ្ញវត្ថុធ្វើការខុសឆ្គងយ៉ាងខ្លាំង ។
ចំណែកមូលហេតុដែលរដ្ឋមន្ត្រីការបរទេសគួរលាលែងពីតំណែង ដោយសាររដ្ឋមន្ត្រីការបរទេសមានតួនាទីចរចាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ប៉ុន្តែតួនាទីរបស់ក្រសួងការបរទេសបែរជាអសកម្ម ហើយគណៈកម្មការពាណិជ្ជកម្មបានអញ្ជើញរដ្ឋមន្ត្រីការបរទេសមកបំភ្លឺរឿងការចរចាពន្ធជាមួយអាមេរិក ប៉ុន្តែពុំមកបំភ្លឺ ។ ម្យ៉ាងទៀត រដ្ឋមន្ត្រីការបរទេសថៃពុំអាចធ្វើដំណើរទៅអាមេរិក ពីព្រោះមានបញ្ហាជាមួយអាមេរិករឿងការបញ្ជូនជនជាតិអុយគូទៅចិន ទើបធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងការទូតធ្លាក់ចុះ នេះបង្ហាញថា ទំនាក់ទំនងការបរទេសខ្សោយខ្លាំងណាស់ ៕










