តារាម៉ូដែលខ្មែរកាត់បារាំងកញ្ញា មាលា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងភ្នាត់ស្នៀតដួលមួយទំហឹងអំឡុងពេលកំពុងដើរបង្ហាញម៉ូតក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ។ ទោះយ៉ាងណា ដ្បិតតែជួបរឿងនឹកស្មានមិនដល់នេះប៉ុន្តែ មាលា បានក្រោកឈរវិញភ្លាមៗប្រកបដោយភាពស្វាហាប់ក្នុងនាមជាតារាម៉ូដែល។

ចាប់តាំងពីប្រឡូកអាជីពជាតារាម៉ូដែលក្នុងប្រទេសកម្ពុជាមកទីផ្សាររបស់ មាលា ដែលជាកូនខ្មែរកាត់បារាំងកំពុងរីកចម្រើនយ៉ាងខ្លាំងមិនថាជាការសម្តែងភាពយន្ត ការសម្តែង MV ការផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល ឬការបង្ហាញម៉ូតនោះទេ គឺតែងតែមានការចាប់អារម្មណ៍មកកាន់តារាស្រីរូបនេះជានិច្ច។
សម្រស់របស់ មាលា បានទាក់ទាញក្រសែភ្នែកមហាជនមហាជនមិនថាស្ថិតក្នុងរូបភាពបែបណានោះទេ។ ជាក់ស្តែងនាពេលថ្មីៗនេះ មាលា បានក្លាយជាម៉ូដែលមួយរូបក្នុងចំណោមម៉ូដែលផ្សេងទៀតដែលមានការបង្ហាញម៉ូតកាបូប។ ទោះយ៉ាងណា ស្រីស្រស់ មាលា ស្រាប់តែភ្នាត់ស្នៀតដួលទាំងជំហរអំឡុងពេលដើរចុះពីទីខ្ពស់មកទាប។ មាលា បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់នាងកាលពីថ្ងៃទី៦ កក្កដា ដោយបានបញ្ជាក់ថា ស្បែកជើងកែងរបស់នាងមួយចំហៀងមានបញ្ហាហើយបានរអិលអំឡុងពេលដើរបង្ហាញបញ្ចប់ ប៉ុន្តែនាងនៅតែបន្តបើទោះបីជាកើតឡើងក្តី។ មាលា បានបញ្ជាក់ទៀតថាការដួលបន្តិចបន្តួចមិនអាចរារាំងបាននោះទេ ខណៈកម្មវិធីក៏បញ្ចប់យ៉ាងរលូន។

ក្នុងពេលដួល មាលា បានក្រោកឡើងវិញភ្លាមៗហើយបន្តការដើររបស់ខ្លួនបន្តទៀត។ ក្នុងពេលជាមួយគ្នានេះមនុស្សជាច្រើនក៏កើតសរសើរពីការធ្វើការបែប Professional របស់ មាលា ផងដែរ៕










