Influencer លីម សុណាលីស តួស្រីក្នុងបទចម្រៀង «៥០ ៥០» របស់ វណ្ណដា និង វណ្ណថាន បានបង្ហាញមុខរបស់នាងដោយគ្មានការ Makeup ហើយទស្សនិកជនបានឃើញពីស្លាកស្នាមលើផ្ទៃមុខរបស់នាងបានយ៉ាងច្បាស់។ ការបង្ហាញមុខបែបនេះ ណាលីស បញ្ជាក់ថានាងមិនចង់ឱ្យអ្នកគាំទ្រខ្លួនខកចិត្តពេលជួបមុខនៅខាងក្រៅ។
ថ្មីៗនេះ សុណាលីស បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយទទួលបានសារយ៉ាងវែងនិងភ្ញាក់ផ្អើលពេលដែលនាងបង្ហាញពីស្នាមនៅលើផ្ទៃមុខព្រោះអ្នកលេង IG គេកម្រនឹងបង្ហាញផ្ទៃមុខដែលមានមុន មិនស្អាតរបស់ខ្លួនបែបនេះណាស់។ សុណាលីស ថានាងបង្ហោះបែបនេះដោយសារតែចង់ចែករំលែកទៅអ្នកទស្សនារបស់នាងថាមុខនាងមិនរលោងនោះទេហើយទីពីរនោះគឺចង់ឱ្យអ្នកគាំទ្រទុកចិត្តនាង។

Influencer រូបនេះបន្តទៀតថា នាងចង់ឱ្យអ្នកគាំទ្រឃើញទាំងភាពស្រស់ស្អាត ឃើញទាំងបញ្ហារបស់នាង ហើយនៅពេលជួបនាងនៅខាងក្រៅគឺមិនខកចិត្តព្រោះនាងបានប្រាប់រួចហើយទើបមិនរំពឹងខ្ពស់មកកាន់នាង។ ណាលីស ថាការប្រាប់អ្នកគាំទ្របែបនេះគឺធ្វើឱ្យផ្លូវចិត្តរបស់នាងល្អ ហើយអ្នកគាំទ្រក៏មិនខកចិត្តចំពោះនាង។ យ៉ាងណាតារាស្រីរូបនេះ បានផ្ញើសារថា រាល់អ្នកដែលធ្វើវីដេអូទាំងអស់គឺគាត់ជាមនុស្សធម្មតា នៅពីក្រោយគាត់ធ្វើវីដេអូ Makeup គឺគាត់មានបញ្ហាសុខភាពស្បែក បើសិនជាជួបនៅខាងក្រៅមានសភាពមិនដូចអ្វីធ្លាប់ឃើញនៅលើបណ្តាញសង្គមគឺចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍ធម្មតាចំពោះគាត់ កុំវាយប្រហារ ដូចជាពាក្យ «ឃើញនៅក្រៅអាក្រក់ នៅខាងក្នុងផ្សេង» ជាដើម។
លីម សុណាលីស បានលើកឡើងទៀតថាចំពោះអ្នកដែលបង្ហាញវិញទៀតសោត បើបង្ហាញអ្វីដែលស្អាតរហូតតែម្តងនោះវាជាធម្មតាទេពេលអ្នកមើលភ្ញាក់ផ្អើលដូច្នេះយើងគួរបង្ហាញអ្វីដែលស្មើភាពគ្នាដើម្បីឱ្យអ្នកទស្សនាទទួលយកបានហើយយើងក៏ទទួលបានផលវិជ្ជមានពីអ្នកទស្សនាដូចគ្នា។ ណាលីស ថា វាអាស្រ័យទាំងអ្នកមើលនិងអាស្រ័យទាំងអ្នកបង្ហាញហើយការដែលនាងបង្ហាញមុខរបស់នាងបែបនេះ នាងក៏មានអារម្មណ៍ភ័យដូចគ្នាប៉ុន្តែនាងជ្រើសរើសប្រាប់អ្នកគាំទ្រខ្លួន៕










