ក្រុមចម្រៀងដ៏ពេញនិយមសម្បូរបទផ្អែមល្ហែម La Cima បានធ្វើឱ្យស្រទាប់មហាជនពេញចិត្តយ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏ធំកាលពីពេលថ្មីៗនេះបន្ទាប់ពីបានសម្តែងបទ «មិត្តរួមអាវុធ» ហើយទស្សនិកជនបានច្រៀងតាមយ៉ាងកងរំពង។
«មិត្តរួមអាវុធ» ពីតារាចម្រៀង All3rgy ft Hasha នៃសមាជិកក្រុមចម្រៀង La Cima បានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥  ដោយបទនេះបានរួមបញ្ជូលចម្រៀងកងទ័ព គន់មើលទៅមេឃ និងលាយបញ្ចូលប៉ារ៉ូលថ្មី ផងដែរ។ នៅក្នុងការប្រគំតន្រ្តីកាលពីរាត្រីថ្ងៃទី៥ កក្កដា ថ្មីៗនេះ តារាចម្រៀង All3rgy និង Hasha រួមទាំងសមាជិកផ្សេងទៀតរបស់ក្រុម  La Cima បានជ្រើសរើសបទនេះក្នុងចំណោមបទផ្សេងទៀតមកសម្តែង។

អ្វីដែលធ្វើឱ្យទស្សនិកជនពេញចិត្តគឺក្បាលដំបូងនៃបទចម្រៀងនេះដែលជាចម្រៀងអំពីកងទ័ពអ្នកគាំទ្របានស្រែកច្រៀងកងរំពងពេញកន្លែងប្រគំតន្រ្តីធ្វើឱ្យទស្សនីយភាពនេះក្លាយជាទិដ្ឋភាពប្រកបដោយភាពកក់ក្តៅក្នុងរូបភាពស្នេហាជាតិមាតុភូមិជាពិសេសគឺការផ្តល់កម្លាំងចិត្តមួយទៅកាន់កងទ័ពជួរមុខដែលកំពុងឈរជើងប្រកបដោយភាពអង់អាចការពារបូរណភាពទឹកដី។

ក្រុមចម្រៀង La Cima ក៏បានបង្ហាញចំណាប់អារម្មណ៍អរគុណអ្នកគាំទ្រជាមួយនឹងពាក្យពេចន៍ថា «សូមអរគុណ សម្រាប់ក្តីស្រឡាញ់ និងស្នាមញញឹម ក៏ដូចជាអំឡុងពេល បទមិត្តរួមអាវុធ
ខ្មែរស្រឡាញ់ខ្មែរ និងផ្តល់ក្តីនឹករលឹកដល់បងៗកងទ័ពជួរមុខផងដែរ»។
គួរបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែកក្កដា បទចម្រៀងស្នេហាជាតិខាងលើនេះឈរនៅចំណាត់លេខ១២ នៅលើយូធូបជាមួយនឹងការទស្សនាជាង១លានដង៕
 
		 
	









