នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គម TikTok មួយចំនួនប្រកាសឈប់រាប់អានខ្មែរសុរិន្ទ ប៉ុន្តែពួកគេនៅតែរាប់អានបងប្អូនខ្មែរក្រោម ដោយអ្នកលេងបណ្តាញសង្គមទាំងនេះនិយាយថា ខ្មែរសុរិន្ទមួយចំនួនពុំទទួលស្គាល់ដើមកំណើតរបស់ខ្លួនទេ និងហៅខ្លួនឯងថា សៀមសុរិន្ទ ។ ហេតុអ្វីខ្មែរសុរិន្ទហៅខ្លួនឯងបែបនេះ ទាំងដែលបច្ចុប្បន្ន ពួកគេនៅតែនិយាយភាសាខ្មែរលើ ។
អ្នកលេង TikTok ខ្មែរបាននិយាយទៅកាន់នារីខ្មែរសុរិន្ទម្នាក់ដែលពុំទទួលស្គាល់កំណើតរបស់ខ្លួន បែរជាប្រាប់ថា នាងជាសៀមសុរិន្ទ ដោយអ្នកលេង TikTok រូបនេះប្រាប់ទៅនាងវិញថា កាលពីមុន ខ្មែរសុរិន្ទ (ឬខ្មែរលើ) និងខ្មែរកណ្តាល គឺជាខ្មែរតែមួយ ប្រទេសតែមួយ ។ នាងពុំចាំបាច់និយាយថា ប្រាសាទជារបស់សៀមទេ នាងត្រូវនិយាយថា ប្រាសាទជារបស់ខ្មែរ ទើបត្រឹមត្រូវ ។
អ្នកលេង TikTok រូបនេះសួរថា តើនាងជាជនជាតិអ្វី ទើបនិយាយថា ប្រាសាទជារបស់សៀម? ប៉ុន្តែតើដឹងឬទេថា សៀមយកប្រាសាទរបស់ខ្មែរក្នុងសតវត្សណា? នាងត្រូវយល់ថា ខ្មែរសុរិន្ទ គឺជាជនរងគ្រោះដោយសារទឹកដីបានទៅសៀម ហើយខ្មែរបាត់បង់ខេត្តជាច្រើនទៅសៀម រួមទាំងខេត្តសុរិន្ទ រហូតដល់ទីក្រុងបាងកក គឺសុទ្ធតែជាទឹកដីខ្មែរ ។
ចំណែកអ្នកលេង TikTok ផ្សេងទៀតនិយាយថា កាលពីមុន យល់ខុស គិតថា ខ្មែរសុរិន្ទ (ឬខ្មែរលើ) ខ្មែរក្រោម និងខ្មែរកណ្តាល គឺជាបងប្អូនខ្មែរតែមួយ ហើយចង់ឱ្យបងប្អូនទាំង៣រួបរួមគ្នាឡើងវិញ ប៉ុន្តែពេលនេះយល់ច្បាស់ហើយ គឺខ្មែរសុរិន្ទមួយចំនួនប្រកាសពុំទទួលស្គាល់ដើមកំណើត និងតាំងខ្លួនឯងជាសៀមសុរិន្ទ ។ លើសពីនេះ ខ្មែរសុរិន្ទខ្លះថែមទាំងគាំទ្រសៀមថា សៀមជាម្ចាស់ប្រាសាទ និងមើលងាយខ្មែរដូចគ្នាទៅវិញ ។
ដោយឡែក ពលរដ្ឋខ្មែរក្រោមបានជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងបង្រៀនប្រវត្តិសាស្តខ្មែរដល់កូនចៅនៅខ្មែរក្រោម ។ ផ្ទុយទៅវិញ ខ្មែរសុរិន្ទដែលហៅខ្លួនឯងថា សៀមសុរិន្ទ ពុំដែលជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទេ បែរជាជួយផ្សព្វផ្សាយវប្បធម៌សៀម ។
ពលរដ្ឋខ្មែរជាច្រើនក្នុងបណ្តាញសង្គមបានបង្ហាញការខកចិត្តទៅកាន់នារីខ្មែរសុរិន្ទរូបនេះ ដែលតាំងខ្លួនឯងជាសៀមសុរិន្ទ និងបំភ្លេចប្រវត្តិសាស្ត្រដ៏សែនឈឺចាប់របស់ខ្លួន ។ ផ្ទុយទៅវិញ ខ្មែរក្រោមនៅតែរក្សាទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ មិនថាពិធីរៀបអាពាហ៍ពិពាហ៍ និងការស្លៀកពាក់ទៅវត្តអារ៉ាម ។ ប៉ុន្តែក៏មានខ្មែរសុរិន្ទខ្លះទៀតទទួលស្គាល់ដើមកំណើតរបស់ខ្លួន ចង់រាប់អានជាមួយខ្មែរកណ្តាល និងខ្មែរក្រោម បើទោះជាទឹកដីខ្មែរលើត្រូវបានសៀមគ្រប់គ្រងក្តី ៕










