ក្រុមចម្រៀងដ៏ល្បីរបស់ផលិតកម្ម YG គឺ 2NE1 បានបញ្ចប់ការប្រគំតន្រ្តីលើកដំបូង នៅប្រទេសកម្ពុជាហើយក្រោមការចូលរួមរបស់អ្នកគាំទ្រយ៉ាងច្រើនកុះករ។ យ៉ាងណាក្រៅពីតារាចម្រៀង CL , និង Minzy សមាជិក២រូបទៀតរួមមាន Sandara Park និង Park Boom គឺសុទ្ធតែមកប្រទេសកម្ពុជាជាលើកដំបូង។ ក្រុមចម្រៀងនេះសុទ្ធតែបង្ហាញថាស្រលាញ់ប្រទេសកម្ពុជាហើយក្នុងនោះ Blackjack បានកត់សម្គាល់ឃើញថា Sandara Park ហាក់ជាប់ចិត្តស្រលាញ់ប្រទេសកម្ពុជា យ៉ាងខ្លាំងបើទោះបីជាទើបមកលើកដំបូងក្តី។

មុននឹងធ្វើដំណើរមកប្រទេសកម្ពុជា Sandara Park ហៅ Dara គឺបានបង្ហាញនៅលើបណ្តាញសង្គមរបស់ខ្លួនដែលមានអ្នកតាមដានរាប់លាននាក់បញ្ជាក់ពីប្រទេសកម្ពុជា និងបានបន្តចែករំលែកទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងរាជធានីភ្នំពេញផងដែរ។ នៅព្រឹកថ្ងៃទី៥ កក្កដា Dara បានាចែករំលែកនៅលើ Story ពីអាហារពេលព្រឹកជាគុយទាវ។ Dara និង Minzy បានថតវីដេអូរាំជាមួយគ្នាបង្ហោះនៅលើបណ្តាញសង្គម ខណៈពេលធ្វើដំណើរត្រឡប់ទៅប្រទេសកូរ៉េវិញ Dara ក៏បាន Live អរគុណអ្នកគាំទ្រកម្ពុជាសម្រាប់ការស្រលាញ់គាំទ្រជាមួយនឹងថាមពលដ៏លើសលុប ហើយតារាចម្រៀងរូបនេះក៏បាននិយាយជាភាសាខ្មែរដែរថា« ខ្ញុំស្រលាញ់ប្រទេសកម្ពុជា«។

មិនទាន់អស់នោះទេក្រៅពីបង្ហាញសកម្មភាពជាច្រើន Sandara Park ក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គម Instagram ដែលតារាចម្រៀងវ័យ៤០ឆ្នាំរូបនេះបានទៅទស្សនាតំបន់រមណីដ្ឋានវត្តភ្នំ ទៀតផង។

Sandara Park បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនថា «ការស្នាក់នៅក្នុងប្រទេសកម្ពុជាមានរយៈពេលខ្លី ប៉ុន្តែខ្ញុំទទួលបានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងមានអនុស្សាវរីយ៍ល្អៗជាច្រើន។ ទីកន្លែងស្អាតណាស់ ប្រជាជនចិត្តល្អ ហើយ Blackjacks របស់យើងអស្ចារ្យណាស់!!! ស្វាហាប់ខ្លាំងណាស់ !!! ពួកយើងស្រឡាញ់អ្នកហើយអរគុណអ្នកខ្លាំងណាស់សម្រាប់ក្ដីស្រលាញ់!!! ពួកយើងពិតជាចង់ត្រលប់មកចូលរួមកម្មវិធីផ្សេងទៀត ហើយសង្ឃឹមថានឹងមកវិស្សមកាលផងដែរ!»។ Dara ក៏បានសរសេរជាភាសាខ្មែរជាមួយនឹងពាក្យថា «អរគុណច្រើនខ្ញុំស្រលាញ់អ្នក»។
នេះអាចបញ្ជាក់បានថា Sandara Park គឺជាប់ចិត្តជាប់ស្នេហ៍របស់ប្រទេសកម្ពុជាយ៉ាងខ្លាំងទោះបីជាទើបមកលើកដំបូងក្តី។ អ្វីដែលជាចំណុចសំខាន់ការផ្សព្វផ្សាយពីប្រទេសកម្ពុជារបស់តារាចម្រៀងរូបនេះគឺពិតជាអាចរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ៕










