ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា ឆ្នាំនេះ ជំងឺអេដស៍ (HIV) បានឆ្លងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសថៃ ដោយមានពលរដ្ឋថៃឆ្លងជំងឺអេដស៍សរុបរហូតដល់ជាង៥សែននាក់ ខណៈអ្នកឆ្លងជំងឺអេដស៍ថ្មីស្មើជាង១ម៉ឺន៣ពាន់នាក់ ។ នាយកដ្ឋានគ្រប់គ្រងជំងឺបានប្រាប់ពីមូលហេតុបណ្តាលឱ្យអ្នកជំងឺអេដស៍កើនឡើងខ្លាំង និងមានពលរដ្ឋជាច្រើនពុំត្រួតពិនិត្យសុខភាពដោយសារបារម្ភពីសង្គមមើលងា.យ ។

កាលពីថ្ងៃទី១ ខែកក្កដា កន្លងមក នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលថៃបានផ្សព្វផ្សាយទិន្នន័យជំងឺអេដស៍ និងកាមរោគ ដោយលោក នីទិ ហត្ថានុរ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានប្រឆាំងជំងឺបាននិយាយពីអ្នកជំងឺអេដស៍នៅឆ្នាំ២០២៥ សរុបស្មើរហូតដល់៥៤៧,៥៥៦នាក់ (ទាំងអ្នកជំងឺចាស់ និងថ្មី) រីឯអ្នកជំងឺអេដស៍ថ្មី ស្មើ១៣,៣៥៧នាក់ ។

មូលហេតុចម្បងធ្វើឱ្យជំងឺអេដស៍ឆ្លងយ៉ាងឆាប់រហ័សដោយសារពុំការពារខ្លួន ហើយនៅមានពលរដ្ឋថៃជាច្រើននាក់ពុំត្រួតពិនិត្យសុខភាពរកជំងឺអេដស៍ និងខ្លាចក្នុងការត្រួតពិនិត្យនៅមន្ទីរពេទ្យ ដោយសារបារម្ភពីសង្គមមើលងាយ ។ ហេតុនេះ អ្នកផ្ទុកជំងឺអេដស៍ពុំបានព្យាបាល និងបណ្តាលឱ្យឆ្លងជំងឺនេះទៅដៃគូដោយពុំដឹងខ្លួន ។

ការត្រួតពិនិត្យជំងឺអេដស៍ គឺជាការចាប់ផ្តើមសំខាន់សម្រាប់ថែទាំសុខភាពរបស់ខ្លួន និងអ្នកដទៃ ។ បើត្រួតពិនិត្យកាន់តែឆាប់រហ័ស និងដឹងថាខ្លួនមានមេរោគអេដស៍តាំងពីដំណាក់កាលដំបូង ឆាប់ព្យាបាល នឹងជួយកាត់បន្ថយការស្លាប់ដោយសារមេរោគនេះ ។ ក្រៅពីនេះ ការលេបថ្នាំព្យាបាលជាបន្តបន្ទាប់ រួមទាំងកាត់បន្ថយបរិមាណមេរោគក្នុងឈាម វានឹងពុំឆ្លងទៅអ្នកដទៃទេ ។

លោក នីទិ ហត្ថានុរ៉ាក់ អគ្គនាយករងនៃនាយកដ្ឋានប្រឆាំងជំងឺបានសំណូមពរឱ្យពលរដ្ឋថៃត្រួតពិនិត្យរកជំងឺអេដស៍ពុំគិតថ្លៃនៅមន្ទីរពេទ្យ ចំនួន២លើកក្នុង១ឆ្នាំ ឬស្នើសុំឧបករណ៍ពិនិត្យជំងឺអេដស៍ដោយខ្លួនឯង (HIV Self-Test) ពុំគិតថ្លៃតាមរយៈកម្មវិធីអនឡាយ ។ លោកថា ការពិនិត្យដោយខ្លួនឯង គឺងាយស្រួល ចេញលទ្ធផលរយៈពេល២០នាទី ។ បើរកឃើញជំងឺអេដស៍ គួរទៅពិនិត្យម្តងទៀតនៅមន្ទីរពេទ្យ និងព្យាបាលភ្លាមៗ ប៉ុន្តែបើត្រួតពិនិត្យគ្មានជំងឺអេដស៍ យើងនឹងអស់កង្វល់ ប៉ុន្តែត្រូវមានវិធីការពារខ្លួនកុំឱ្យឆ្លង ។

ចំណែកប្រធានផ្នែកជំងឺអេដស៍ និងកាមេរោគ លោក ភូមិថន ឆាតិភីថាក់ និយាយថា ជំងឺអេដស៍អាចការពារបាន និងប្រើប្រាស់ស្រោមអនាម័យយ៉ាងត្រឹមត្រូវគ្រប់ពេលនៅជាមួយដៃគូ ពីព្រោះវាអាចការពារទាំងជំងឺអេដស៍ កាមរោគ និងមានផ្ទៃពោះ ។

នាយកដ្ឋានគ្រប់គ្រងជំងឺបានពន្លឿនយុទ្ធនាការយល់ដឹងជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីការពារជំងឺអេដស៍ និងកាមេរោគ ដោយបង្កើនទីតាំងចែកចាយស្រោមអនាម័យ និងទីតាំងត្រួតពិនិត្យជំងឺអេដស៍ដោយខ្លួនឯងពុំគិតថ្លៃ ។ វាជាការបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋអាចវាយតម្លៃហានិភ័យដោយខ្លួនឯង តាមរយៈកម្មវិធីអនឡាញ Stand by you ៕