ប្រទេសថៃ ៖ «ខ្ញុំចង់ឱ្យប្រទេសកម្ពុជា និងថៃជជែកធ្វើកិច្ចព្រមព្រៀងជាមួយគ្នា ពីព្រោះបច្ចុប្បន្ន ពលរដ្ឋថៃរស់នៅតាមព្រំដែនរងផលប៉ះពាល់ខ្លាំងណាស់» ។ នេះជាការអំពាវនាវរបស់ពលរដ្ឋថៃរស់នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទៅកាន់រដ្ឋាភិបាលរបស់ខ្លួនប្រើប្រាស់វិធីចរចាស្តារទំនាក់ទំនងជាមួយកម្ពុជា​ឱ្យស្ថានការណ៍ធូរស្រាលឡើងវិញដើម្បីឱ្យពលរដ្ឋនៅតាមព្រំដែនអាចរស់នៅក្នុងជីវិតដូចមុន ។

ពលរដ្ឋថៃរស់នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រាប់ថា ពលរដ្ឋខ្មែរ និងថៃរស់នៅតាមព្រំដែនរាប់អានគ្នា និងមានទំនាក់ទំនងល្អ បើទោះជាស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ហើយថៃមានវិធានការគ្រប់គ្រងការធ្វើដំណើរចេញ-ចូលព្រំដែនក្តី ។

ភូមិខូកសាប៊ែង មានទីតាំងស្ថិតនៅក្បែរព្រំដែនកម្ពុជា គឺមានពលរដ្ឋរស់នៅប្រមាណ៦០០នាក់ ហើយលំនៅឋានពលរដ្ឋ ចំនួន២២២ខ្នង ស្ថិតនៅឆ្ងាយពីព្រំដែនត្រឹមតែ២០០ម៉ែត្រប៉ុណ្ណោះ ។ ពលរដ្ឋនៅភូមិនេះភាគច្រើនប្រកបមុខរបរធ្វើស្រែ និងពឹងផ្អែកលើកម្លាំងពលកម្មរបស់ពលករខ្មែរមកជួយធ្វើស្រែ និងធ្វើការងារផ្សេងៗ ប៉ុន្តែការផ្លាស់ប្តូរនយោបាយ និងកំណត់វិធានការសន្តិសុខធ្វើឱ្យថៃរឹតបន្តឹងព្រំដែនខ្លាំង បានប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងពលរដ្ឋកម្ពុជា-ថៃនៅព្រំដែន និងប៉ះពាល់ដល់ជីវភាព ។

អ្វីគួរឱ្យបារម្ភខ្លាំងជាងនេះ គឺពេលសេដ្ឋកិច្ចព្រំដែនចាប់ផ្តើមធ្លាក់ចុះ ពលរដ្ឋថៃគ្មានប្រាក់ចំណូលអាចកើតចោរកម្ម លួចឆក់នៅតាមភូមិ ហើយពលរដ្ឋត្រូវការពារទ្រព្យសម្បត្តិ ។ រីឯប្រាក់ចំណូលបានការលក់ដូរទំនិញផ្សេងៗនៅផ្សាររុងក្លឿ បានរងផលប៉ះពាល់ និងធ្លាក់ចុះយ៉ាងខ្លាំង ដោយហាងលក់ដូរខ្លះចាំបាច់ត្រូវឱ្យពលករខ្មែរត្រឡប់ទៅប្រទេសកម្ពុជាវិញ បើទោះជាម្ចាស់ហាងលក់ដូរជាជនជាតិថៃពុំចង់ឱ្យពលករខ្មែរចាកចេញក្តី ប៉ុន្ដែខ្លាចខុសច្បាប់នៅប្រទេសថៃ ។

ពលរដ្ឋថៃរស់នៅតាមព្រំដែនជាប់កម្ពុជា ចង់បានខ្លាំងបំផុតនាពេលនេះ គឺចង់ឱ្យប្រទេសកម្ពុជា និងថៃស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញតាមរយៈការចរចា និងធ្វើកិច្ចព្រមព្រៀងរួមគ្នាដើម្បីឱ្យពលរដ្ឋនៅតាមព្រំដែនអាចរស់នៅក្នុងជីវិតល្អប្រសើរដូចមុន ។

ពលរដ្ឋថៃរស់នៅភូមិខូកសាប៊ែង និយាយថា សូមកម្ពុជា និងថៃជជែកចរចាគ្នារកដំណោះស្រាយឆាប់ៗ ពីព្រោះពលរដ្ឋនៅព្រំដែនរងផលប៉ះពាល់ខ្លាំង មិនថាអាជីវករលក់ដូរ និងអ្នកធ្វើការ សុទ្ធតែប៉ះពាល់ទាំងអស់ ។ ដូច្នេះ គួរតែចរចាគ្នាបញ្ចប់បញ្ហា កុំបណ្តោយឱ្យស្ថានការណ៍តានតឹងអូសបន្លាយយូរ ។ ប្រទេសទាំងពីរគួរស្តារទំនាក់ទំនងល្អ ដោយសារពេលព្រំដែនបិទភ្លាម បាត់ប្រាក់ចំណូលតែម្តង ៕