ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចូលរួមពិធីជូនពរនិស្សិតថ្មីនៅសាកលវិទ្យាល័យមហាសារ៉ាខាម ហើយលោកបានឆ្លើយសំណួររបស់និស្សិតពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ថា ប្រាសាទជារបស់ថៃ ។ បើមានការប៉ះទង្គិចគ្នា កងទ័ពថៃត្រៀមខ្លួនរួចរាល់ហើយ សូមពលរដ្ឋមានទំនុកចិត្តលើសុវត្ថិភាព គ្រប់យ៉ាងនឹងបញ្ចប់ត្រឹមរយៈពេល៣ថ្ងៃ ។
សាកលវិទ្យាល័យមហាសារ៉ាខាមបានរៀបចំពិធីជូនពរនិស្សិតថ្មី ប្រចាំឆ្នាំ២០២៥ ព្រមទាំងលើកកម្ពស់ការរៀនសូត្រពីវប្បធម៌ និងប្រពៃណីរបស់ថៃឦសាន ដែលមានលោកសាស្ត្រាចារ្យ ប្រាយុទ្ធ ស៊ីវីឡៃ ធ្វើជាប្រធានកិត្តិយសបើកពិធី ។ ពិធីនេះក៏បានអញ្ជើញមេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង មកចងអំបោះលើដៃនិស្សិត ហើយលោកក៏បានឆ្លើយសំណួរនិស្សិតដែលសួរពីបញ្ហាព្រំដែនថា លោករីករាយពេលជួបនិស្សិតយុវជនជំនាន់ថ្មី ។ និស្សិតអាចជួបមេទ័ពដោយផ្ទាល់លើវេទិកា គឺលោកធ្វើដើម្បីប្រទេសជាតិ និងទឹកដីរបស់ថៃទាំងអស់ ។
លោកនឹងចូលនិវត្តន៍ពីការងារកងទ័ពនាប៉ុន្មានខែខាងមុខ ហើយសូមផ្តាំទៅនិស្សិតថា ពួកយើងនឹងជាកម្លាំងតែមួយ សំឡេងតែមួយ ដែលត្រូវការពារប្រទេសជាតិបន្តទៀត ។ សូមឱ្យពួកយើងមានគំនិត ធ្វើជាមនុស្សល្អក្នុងសង្គម ជានិស្សិតល្អរបស់សាកលវិទ្យាល័យមហាសារ៉ាខាម និងជាក្តីសង្ឃឹមរបស់កងទ័ពថា ប្អូនៗជំនាន់ថ្មីនឹងលះបង់ដើម្បីប្រទេសជាតិ ពីព្រោះដល់ពេលមួយ ប្រទេសថៃត្រូវការសាមគ្គីរបស់ពលរដ្ឋ ។ លោកជឿជាក់ថា គ្រប់គ្នាអាចធ្វើបាន និងជាយុវជនជំនាន់ថ្មីជួយគ្នាការពារទឹកដីថៃឱ្យនៅគង់វង្សយូរអង្វែងដល់កូនចៅ ។
បន្ទាប់មក លោក ប៊ុនស៊ីន ក៏ប្រាប់ឱ្យនិស្សិតសាកសួរពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយនិស្សិតក៏សួរសំណួរដំបូងថា ៖ «តើប្រាសាទដែលកំពុងមានបញ្ហាពេលនេះជារបស់ប្រទេសណា?» លោកក៏ឆ្លើយតបទៅនិស្សិតថា ៖ «ប្រាសាទជារបស់ប្រទេសថៃ អ្នកដទៃពុំដឹងទេ កងទ័ពថៃនឹងមិនព្រម…» ។
និស្សិតក៏សួរសំណួរទៀតថា ៖ «បើមានការប៉ះទង្គិចគ្នាកើតឡើងនៅតំបន់ជម្លោះ តើកងទ័ពត្រៀមខ្លួនហើយឬនៅ?» ។ លោក ប៊ុនស៊ីន ឆ្លើយថា ៖ «យើងបានត្រៀមខ្លួនរួចអស់ហើយ សូមផ្តាំទៅប្រាប់ឪពុក-ម្តាយ និងបងប្អូនឱ្យសម្រាកលក់ស្រួលចុះ និងអាចមើលវីដេអូមេទ័ពនៅផ្ទះបាន អ្នកគាំទ្រមេទ័ពភាគច្រើនមានអាយុចាប់ពី៧០ឆ្នាំ ។ កងទ័ពថៃត្រៀមខ្លួនហើយ ភាគីខាងនោះពុំហ៊ានទេ បើមានអ្វីកើតឡើង គ្រប់យ៉ាងនឹងបញ្ចប់ត្រឹមរយៈពេល៣ថ្ងៃ» ។
គួរបញ្ជាក់ថា លោក ប៊ុនស៊ីន បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលកន្លងមកថា ស្ថានការណ៍ព្រំដែននឹងធូរស្រាលអាស្រ័យលើកម្ពុជាច្រើនជាងថៃ ថៃត្រៀមខ្លួនចរចាដោយសន្តិវិធីឱ្យស្ថានការណ៍ស្ងប់ស្ងាត់យ៉ាងឆាប់រហ័សដើម្បីឱ្យពលរដ្ឋប្រទេសទាំងពីរអាចលក់ដូរតាមធម្មតាឡើងវិញ ។ ប្រសិនបើរដ្ឋាភិបាលថៃផ្តល់ដំណឹងមក កងទ័ពនឹងអនុវត្តតាម ៕










