ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon និង Thairath បានរាយការណ៍កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានលើកឡើងពីស្ថានការណ៍ព្រំដែនបច្ចុប្បន្នចាប់ផ្តើមល្អប្រសើរ ប៉ុន្តែថៃពុំយល់ស្របជាមួយកម្ពុជាហាមឃាត់ការនាំចូលទំនិញថៃតាមច្រកព្រំដែនផ្សេងៗ ដោយថៃបារម្ភពីផលប៉ះពាល់មកលើពលរដ្ឋខ្មែរ ។

កាលពីថ្ងៃទី៤ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងជាអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនិយាយថា បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនជាប់កម្ពុជាកំពុងឈានទៅរកភាពល្អប្រសើរ ហើយលោកនឹងជូនដំណឹងឱ្យពលរដ្ឋថៃបានជ្រាប ។ លោកសូមឱ្យពលរដ្ឋរក្សាភាពអត់ធ្មត់ដូចមុន រីឯការជួយសង្គ្រោះឈ្មួញថៃដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន គឺកំពុងដំណើរការ ដោយរដ្ឋាភិបាលថៃបានកំណត់វិធានការជួយពលរដ្ឋជាបន្តបន្ទាប់ ។
ចំណែកអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេសនិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានតាមដានស្ថានការណ៍ក្នុងតំបន់ និងទទួលសេចក្តីរាយការណ៍ពីកងទ័ពពីការគ្រប់គ្រងការឆ្លងដែន គឺមានភាពស្ងប់ស្ងាត់ ។ ការរឹតបន្តឹងព្រំដែនជាប់កម្ពុជាពេលនេះ គឺជាវិធានការដែលកងទ័ពពិចារណាយ៉ាងយកចិត្តទុកដាក់តាមគោលនយោបាយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយផ្តោតលើការរស់នៅ និងសុវត្ថិភាពពលរដ្ឋក្នុងតំបន់ ។ ថៃត្រៀមកែសម្រួលវិធានការស្របតាមស្ថានការណ៍ក្នុងតំបន់ និងភាពចាំបាច់ ហើយគ្រប់ពេលមានការផ្លាស់ប្តូរ យើងនឹងប្រាប់ពលរដ្ឋឱ្យដឹងជាសាធារណៈ ។
.jpg)
តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានាឃើញថា មានការបន្ធូរបន្ថយឱ្យមានការឆ្លងព្រំដែនតាមធម្មតាសម្រាប់បុគ្គលមានភាពចាំបាច់ រួមមាន ៖ អ្នកជំងឺ កូនសិស្ស និងនិស្សិតដែលត្រូវឆ្លងដែនមកប្រទេសថៃ រួមទាំងពលរដ្ឋទូទៅ ។ ប៉ុន្តែអ្នកស្រីជឿជាក់ថា ថៃនឹងអាចបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនក្រោយពីមានវិធានការ វាជាបញ្ហាក្នុងតំបន់ធ្វើឱ្យប៉ះពាល់ពលរដ្ឋគ្រប់ប្រទេស ។.jpg)
ករណីកម្ពុជាពុំអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញថៃតាមច្រកព្រំដែននោះ ថៃបានតាមដានវិធានការរបស់កម្ពុជាដើម្បីវាយតម្លៃសម្រាប់ថ្ងៃអនាគត ។ បច្ចុប្បន្ន នៅពុំទាន់មានភាពច្បាស់លាស់ពីការអនុវត្តវិធានការនេះ ហើយថៃសូមបញ្ជាក់ថា វិធានការហាមការនាំចូលទំនិញថៃ គឺពុំបានគិតពីផលប៉ះពាល់ដល់ពលរដ្ឋ វាផ្ទុយគ្នានឹងការព្យាយាមរបស់ថៃដែលចៀសវាងស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ ។ រដ្ឋាភិបាលថៃនៅតែយល់ឃើញថា ស្ថានការណ៍តានតឹងនេះ គឺជាបញ្ហារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ពុំមែនជាបញ្ហារបស់ពលរដ្ឋ រដ្ឋាភិបាលថៃបានត្រៀមខ្លួនចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ម៉ារ៉ាទី ណាលិតា ។.jpg)
គួរបញ្ជាក់ថា កម្ពុជាហាមឃាត់ការនាំចូលទំនិញថៃតាមច្រកព្រំដែន គឺជាការឆ្លើយតបនឹងទង្វើរបស់កងទ័ពថៃដែលបានបិទព្រំដែនជាឯកតោភាគី ហើយរដ្ឋាភិបាលថៃពុំដោះស្រាយបញ្ហាច្រកព្រំដែនដែលខ្លួនបិទឱ្យវិលមករកភាពប្រក្រតីឡើងវិញ ។ ការបិទឈប់ទិញទំនិញថៃមកក្នុងទីផ្សារកម្ពុជា នឹងជំនួសដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ ៕










