ថ្មីៗនេះ មានករណីមន្ត្រីនគរបាលចរាចរណ៍ ឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី១គ្រឿង ដោយសួរនាំរកឯកសាររថយន្ត ខណៈដែលជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ។

បន្ទាប់មក បុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល។

ជុំវិញករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឱ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ។

បច្ចុប្បន្ន ស្នងការកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច៕