ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា កសិករថៃបានសំណូមពរទៅកាន់រដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជួយដោះស្រាយបញ្ហាផ្សេងៗ និងកុំផ្តោតតែលើបញ្ហាព្រំដែនកម្ពុជា-ថៃ រហូតទម្លាក់បញ្ហាផ្សេងៗចោលធ្វើឱ្យកសិករជួបទុក្ខលំបាក ។ កសិករថៃថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺមានក្រសួងសន្តិសុខ ក្រសួងការពារជាតិ និងកងទ័ពទទួលខុសត្រូវ រីឯក្រសួងកសិកម្ម និងពាណិជ្ជកម្ម គួរងាកមកដោះស្រាយបញ្ហាតម្លៃស្រូវកសិករធ្លាក់ចុះ ។.png)
កាលពីថ្ងៃទី១៧ ខែមិថុនា លោក សាណាម មឿងនីល កសិកររស់នៅខេត្តឆ័យណាត បាននិយាយមកកាន់សារព័ត៌មានថា កសិករខេត្តឆ័យណាត សូមផ្តាំផ្ញើទៅកាន់រដ្ឋាភិបាលលោកស្រី ផេថងថាន ស៊ីណាវ៉ាត ដែលកំពុងប្រឈមនឹងបញ្ហាជាច្រើននៅថៃ ដូចជា ៖ សេដ្ឋកិច្ច សង្គម និងថ្នាំញៀន ជាពិសេស បញ្ហាតានតឹងនៅតំបន់ព្រំដែនជាមួយប្រទេសជិតខាង ដែលកំពុងទទួលបានការចាប់អារម្មណ៍ ។

ចំណែកកសិករថៃវិញនៅមានបញ្ហាជាច្រើនដែលរដ្ឋាភិបាលពុំអាចដោះស្រាយឱ្យល្អប្រសើរឡើង គឺបញ្ហាតម្លៃអង្ករធ្លាក់ចុះធ្វើឱ្យកសិករថៃនៅទូទាំងប្រទេសជួបទុក្ខលំបាក ពីព្រោះតម្លៃស្រូវធ្លាក់ចុះទាប ជាពិសេស នៅខេត្តឆ័យណាត តម្លៃស្រូវដែលប្រកាសទិញពីកសិករ គឺចាប់ពី៥,៨០០បាត ទៅ៦,៣០០បាតក្នុង១តោន (ឬពី១៧៥ដុល្លារ ទៅ១៩០ដុល្លារក្នុង១តោន) ។ ប៉ុន្តែពេលកសិករយកស្រូវទៅលក់ជាក់ស្តែង គឺតម្លៃចាប់ពី៥,៨០០បាត ទៅ៥,៩០០បាតក្នុង១តោនប៉ុណ្ណោះ ដោយខាងរោងម៉ាស៊ីនកិនស្រូវប្រាប់ថា មកពីស្រូវរបស់កសិករមានសំណើម ទើបលក់បានតម្លៃថោក ។
លោក សាណាម មឿងនីល កសិករខេត្តឆ័យណាត ពុំចង់ឱ្យរដ្ឋាភិបាលថៃយកបញ្ហាព្រំដែនមកបិទបាំងទុក្ខលំបាករបស់កសិករនៅទូទាំងប្រទេសទេ ដោយលោកថា បញ្ហាព្រំដែនជាមួយប្រទេសជិតខាង គឺមានក្រសួងសន្តិសុខ, ក្រសួងការពារជាតិ និងកងទ័ពទទួលខុសត្រូវហើយ ។ ដូច្នេះ ក្រសួងពាណិជ្ជកម្មគួរដោះស្រាយបញ្ហារបស់កសិករ មិនមែនទុកចោលបញ្ហាទាំងអស់ក្នុងប្រទេសថៃពុំដោះស្រាយ ដោយសារស្ថានការណ៍ព្រំដែនតានតឹង ។

លោកយល់ឃើញថា បញ្ហាព្រំដែនជារឿងនយោបាយដែលត្រូវដោះស្រាយតាមរយៈនយោបាយ ហើយការប្រយុទ្ធគ្នារឿងព្រំដែនប្រហែលជាមិនកើតឡើងទេ វាគ្រាន់តែជាការបង្កើតស្ថានការណ៍ដើម្បីផលប្រយោជន៍នយោបាយរបស់បុគ្គលមួយក្រុមនៅថៃ ។ ហេតុនេះ លោកសូមផ្តាំផ្ញើទៅរដ្ឋាភិបាលថៃកុំឱ្យបញ្ហាព្រំដែនមកបិទបាំងទុក្ខលំបាករបស់កសិករនៅទូទាំងប្រទេស ៕










