ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អភិបាលក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី លោក Pramono Anung មានគម្រោងបង្កើតកោះឆ្មានៅសមុទ្រជ្វាដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តតាមជប៉ុន ពីព្រោះបើនិយាយពីកោះឆ្មា មនុស្សភាគច្រើននឹងនឹកឃើញដល់ជប៉ុនមុនគេ ។ ភ្ញៀវទេសចរនឹងមកលេងឥណ្ឌូណេស៊ី ដោយពុំចាំបាច់ទៅជប៉ុនទេ ក្រោយពីឥណ្ឌូណេស៊ីបង្កើតកោះឆ្មាគម្រោង ។

សារព័ត៌មាន Channel News Asia (CNA) រាយការណ៍ថា លោក Pramono Anung អភិបាលក្រុងហ្សាកាតា និយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានពិចារណាបញ្ជូនសត្វឆ្មាឱ្យទៅរស់នៅលើកោះណាមួយក្នុងចំណោមកោះរាប់រយនៅឆ្នេរសមុទ្រហ្សាកាតា ដើម្បីគ្រប់គ្រងចំនួនឆ្មា និងទាក់ទាញភ្ញៀវទេសចរមកលេងនៅកោះនេះ ។ លោកថា ៖ «ការបង្កើតកោះឆ្មាមិនមែនជាគំនិតថ្មីទេ ជប៉ុនបានបង្កើតកោះឆ្មារួចហើយ បច្ចុប្បន្ន កោះរបស់ជប៉ុនក្លាយជាតំបន់ទេសចរណ៍យ៉ាងពិសេស» ។
ពីដំបូង កោះអាអូឈិម៉ាក និងកោះថាឈិរ៉ូជិម៉ាកនៅជប៉ុនបានយកឆ្មាទៅបង្ក្រាបកណ្តុរ ក្រោយមក ចំនួនឆ្មារស់នៅលើកោះទាំងពីរនេះបានកើនឡើងលើសចំនួនមនុស្សយ៉ាងខ្លាំង ។ ឆ្មាធ្វើឱ្យកោះទាំងពីរល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរដែលស្រឡាញ់ឆ្មា និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។.png)
អភិបាលក្រុងហ្សាកាតាបន្តថា បើឥណ្ឌូណេស៊ីបង្កើតកោះឆ្មាដូចជប៉ុន កោះនេះនឹងក្លាយជាប្រភពចំណូលពីវិស័យទេសចរណ៍ ប៉ុន្តែលោក Pramono Anung ពុំបានបញ្ជាក់ពីពេលវេលាបង្កើតកោះឆ្មាទេ ។ តាំងពីលោកឡើងកាន់តំណែងជាអភិបាលក្រុងហ្សាកាតា នៅខែកុម្ភៈ ពលរដ្ឋបានសំណូមពរឱ្យគ្រប់គ្រងចំនួនឆ្មា ហើយលោកក៏បានពិភាក្សាជាមួយអ្នកជំនាញជាច្រើនទទួលបានគំនិតឱ្យបង្កើតកោះឆ្មា ។ កាលពីឆ្នាំ២០២៤ ទីក្រុងហ្សាកាតាមានឆ្មាអនាថាចំនួន៧៥ម៉ឺនក្បាល និងឆ្មាមានម្ចាស់ចំនួន១១ម៉ឺនក្បាល ។
បើតាមអ្នកជំនាញ គឺចំនួនឆ្មានៅទីក្រុងហ្សាកានឹងកើនឡើងរហូតដល់៤ដងក្នុងរយៈពេល៥ឆ្នាំទៀត ដោយសារឆ្មាកើតកូនចាប់ពី៣លើក ទៅ៤លើកក្នុង១ឆ្នាំ ។ ក្រៅពីនេះ ចំនួនឆ្មាកាន់តែច្រើនប្រឈមនឹងការឆ្លងមេរោគផ្សេងៗ និងគ្មានតុល្យភាពប្រព័ន្ធអេកូឡូស៊ី ។ ទីក្រុងហ្សាកាតាមានថវិកាសម្រាប់គ្រៀវឆ្មាអនាថា និងឆ្មាចរិញ្ចឹម ត្រឹមតែ២ម៉ឺនក្បាលប៉ុណ្ណោះ ហើយការស្វែងរកកន្លែងធំល្មមក្នុងទីក្រុងសម្រាប់ឆ្មារស់នៅយ៉ាងច្រើនក៏ពិបាកដែរ ។

នេះជាមូលហេតុធ្វើឱ្យអភិបាលក្រុងហ្សាកាតាចាប់អារម្មណ៍បញ្ជូនឆ្មាទៅរស់នៅលើប្រជុំកោះផាន់ ដែលលាតសន្ធឹងក្នុងប្រវែង១៦០គីឡូម៉ែត្រ ស្ថិតនៅភាគពាយ័ព្យទីក្រុងហ្សាកាតា ។ ឆ្មាទាំងនេះនឹងមិនត្រូវលែងឱ្យរស់នៅលើកោះដោយខ្លួនឯងទេ គឺមានកន្លែងរស់នៅយ៉ាងងាយស្រួល ទទួលបានការថែទាំ និងកាត់រោម ហើយភ្ញៀវទេសចរអាចទៅលេងកោះឆ្មាបាន ឬទៅរៀនសូត្រពីកោះ ៕










