ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកវីដេអូមួយដែលមានអ្នកគាំទ្រម្នាក់ បានទៅមើលការសមឆាករបស់តារារ៉េប វណ្ណដា ប៉ុន្តែមានចិត្តក្លាហានខ្លាំងស្រែកសុំខ្ចីលុយ តារារ៉េប វណ្ណដា ១០០០០រៀលដើម្បីយកទៅទិញបាយញុំា។

កាលពីយប់ថ្ងៃទី១៣ មិថុនា តារាចម្រៀងក្នុងទ្រនំបារមីដែលមានដូចជា វណ្ណដា វណ្ណថាន នរិទ្ធ យូហៃ រ៉េត ស៊ូហ្សាណា និងតារារ៉េបវ័យក្មេង GMENGz បានមកសមឆាកទាំងរាត្រី មុននឹងការប្រគំតន្រ្តីជាផ្លូវការមកដល់។នៅក្នុងទិដ្ឋភាពនៃការសមឆាកគេបានឃើញអ្នកគាំទ្រមួយចំនួនទៅទស្សនានិងបានថតវីដេអូយកមកចែករំលែកនៅលើបណ្តាញសង្គមផងដែរ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ស្រាប់តែមានក្មេងប្រុស ជំទង់ម្នាក់ដែលទៅទស្សនា ការសមឆាកនេះស្រាប់តែស្រែកសុំខ្ចីលុយ១០០០០រៀលពីតារាចម្រៀងរ៉េប វណ្ណដា ដែលកំពុងនៅលើឆាក ហើយលុយនោះគឺគេយកដើម្បី ទិញបាយញុំា។ ភ្លាមៗបន្ទាប់ពីឮក្មេងប្រុសរូបនេះសុំខ្ចី១០០០០រៀលស្រាប់តែ វណ្ណដា ស្ទាបហៅបៅខ្លួនឯងប៉ុន្តែលោកគ្មានលុយជាប់ខ្លួននោះទេ ប៉ុន្តែ វណ្ណដា បានស្រែកទៅកាន់ជំនួយ ការរបស់ខ្លួនឱ្យយកលុយចំនួន១០០០០រៀល យកមកឱ្យក្មេងប្រុសក្លាហានរូបនេះ។

ទោះយ៉ាងណាបន្ទាប់ពីបានលុយ១០០០០រៀលហើយស្រាប់តែអ្នកគាំទ្ររូបនេះចង់ឱប វណ្ណដា ថែមទៀត ខណៈដែល វណ្ណដា កំពុងស្ថិតនៅលើឆាកឱបមិនដល់នោះ តារាចម្រៀងរូបនេះក៏សម្រេចចិត្តចុះមកក្រោមដើម្បីបំពេញបំណងក្មេងប្រុសរូបនេះ។

វីដេអូដែលអ្នកគាំទ្រហ៊ានសុំខ្ចីលុយ វណ្ណដា នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា លើកទី១ហើយដែលមានព្រឹត្តិការណ៍បែបនេះហ៊ានខ្ចីលុយ វណ្ណដា ។ អ្នកគាំទ្រខ្លះក៏ពោលបែបលេងសើចថា ថ្ងៃក្រោយសាកធ្វើដូចនេះដែរដើម្បីមានឱកាសបានឱប វណ្ណដា ដូចនេះ៕