្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រសួងសុខាភិបាលថៃបានត្រៀមមន្ទីរពេទ្យមួយចំនួនសម្រាប់សង្គ្រោះពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែនខេត្តសុរិន្ទ គឺមន្ទីរពេទ្យភ្នំដងរ៉ាក់ និងមន្ទីរពេទ្យកាបឈើង ។ ក្រៅពីនេះ ក្រសួងសុខាភិបាលថៃក៏បានបញ្ជូនក្រុមគ្រូពេទ្យកងទ័ពមកហ្វឹកហាត់ជម្លៀសអ្នកជំងឺផងដែរ ។
កាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក លោកវេជ្ជបណ្ឌិត អូផាស កានកាវីនផុង មន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយពីករណីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានវិធានការជួយសង្គ្រោះពលរដ្ឋរស់នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា-ថៃ ដោយឱ្យខេត្តសុរិន្ទត្រៀមរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន និងរៀបចំមន្ទីរពេទ្យភ្នំដងរ៉ាក់ មន្ទីរពេទ្យកាបឈើង ឱ្យមានទីធ្លាធំទូលាយសម្រាប់ទទួលពលរដ្ឋរងរបួសករណីកើតសង្គ្រាមនៅព្រំដែន ។
លោកវេជ្ជបណ្ឌិត អូផាស និយាយថា បើត្រូវជម្លៀសពលរដ្ឋនៅព្រំដែនខេត្តសុរិន្ទ រំពឹងថា និងមានពលរដ្ឋប្រមាណ១៤៤.៣០០នាក់ ដោយមានការរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន៦៦កន្លែង ស្ថិតនៅ៥ស្រុក រួមមាន ៖ ស្រុកប្រាសាទ ស្រុកសាំងខាក់ ស្រុកឡាំឌួន ស្រុកស្រ៊ីណារ៉ុង និងស្រុកមឿងសុរិន្ទ (ស្រុកមឿងសុរិន្ទ គឺសម្រាប់ទទួលជនបរទេសរងរបួស ឬពលរដ្ឋមកពីខេត្តផ្សេង) ។ ក្រសួងសុខាភិបាលផ្តោតលើការជួយសង្គ្រោះពលរដ្ឋចំនួន៦ចំណុច រួមមាន ៖
១-ព្យាបាលជំងឺឆ្លងក្នុងតំបន់ដែលមានមនុស្សច្រើន ដូចជា ជំងឺផ្លូវដង្ហើម ជំងឺស្បែក និងជំងឺប្រព័ន្ធរំលាយអាហារ
២-ព្យាបាលជំងឺផ្លូវចិត្តកើតឡើងដោយសារអំពើហិង្សា
៣-ត្រៀមស្បៀងអាហារ និងទឹកស្អាត ការពារកង្វះអាហារូបត្ថម្ភ និងជំងឺឆ្លងពីទឹក
៤-ការពារក្រុមងាយរងគ្រោះ ដូចជា កុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងជនពិការ
៥-រៀបចំបណ្តាញបញ្ជូនអ្នកជំងឺ និងត្រៀមផ្តល់ឈាមរវាងកន្លែងស្នាក់នៅបណ្តោះអាសន្ន មន្ទីរពេទ្យជួរមុខ និងមន្ទីរពេទ្យសំខាន់ និង
៦-កំណត់សុវត្ថិភាពអ៊ីនធើរណេតក្នុងប្រព័ន្ធទិន្នន័យសុខភាព ។
ក្រសួងសុខាភិបាលបានប្រគល់តួនាទីឱ្យការិយាល័យសុខភាពសាធារណៈខេត្តសុរិន្ទមើលការខុសត្រូវកន្លែងជម្លៀសពលរដ្ឋ និងគ្រប់គ្រងមិនឱ្យពលរដ្ឋស្នាក់នៅចង្អៀតគ្នា ដោយបែងចែកកន្លែងសម្រាប់អ្នកជំងឺ ក្រុមងាយរងគ្រោះ និងទីតាំងព្យាបាលសុខភាពផ្លូវចិត្ត ។ ក្រៅពីនេះ ត្រូវត្រួតពិនិត្យគុណភាពទឹកជារៀងរាល់ថ្ងៃ កំណត់ផែនការផ្តល់ថ្នាំពេទ្យបន្ទាន់ រួមទាំងរៀបចំក្រុមពិនិត្យជំងឺផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ និងជំងឺស្បែក ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អូផាស ។
លោកវេជ្ជបណ្ឌិតបន្តថា ករណីកើតសង្គ្រាម មន្ទីរពេទ្យភ្នំដងរ៉ាក់ និងមន្ទីរពេទ្យកាបឈើង ដែលស្ថិតក្នុងតំបន់ក្រហម នឹងក្លាយជាមន្ទីរពេទ្យជួរមុខដើម្បីសង្គ្រោះពលរដ្ឋរងរបួសនៅព្រំដែន ។ បើស្ថានការណ៍អូសបន្លាយ ឬកាន់តែធ្ងន់ធ្ងរ មន្ទីរពេទ្យទាំង២នេះត្រូវរៀបចំទីធ្លាឱ្យធំទូលាយសម្រាប់ទទួលអ្នកជំងឺ និងបែងចែកអ្នកជំងឺតាមប្រភេទ រួចហើយបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសុរិន្ទ មន្ទីរពេទ្យសាំងខាក់ មន្ទីរពេទ្យប្រាសាទ មន្ទីរពេទ្យថាទូម និងមន្ទីរពេទ្យរតនបុរី ។
មន្ទីរពេទ្យត្រូវអនុញ្ញាតឱ្យក្រុមគ្រូពេទ្យកងទ័ពធ្វើការជំនួស បើត្រូវបង្កើតទីតាំងព្យាបាលអ្នកជំងឺបន្ថែមទៀត គឺមន្ទីរពេទ្យសុរិន្ទ និងមណ្ឌលសុខភាពត្រូវសហការគ្នាចាត់ការ ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកងទ័ពបានហ្វឹកហាត់ជម្លៀសអ្នកជំងឺរបស់មន្ទីរពេទ្យរួចរាល់ហើយ ៕










