ក្រៅពីសម្រេចឈប់ទិញអគ្គិសនី និងបណ្ដាញអ៊ីនធើណេតពីប្រទេសថៃយកមកប្រើប្រាស់ ពេលនេះកម្ពុជាក៏បានប្រកាសឲ្យស្ថានីយទូរទស្សន៍ និងរោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជាឈប់ចាក់បញ្ចាំងខ្សែភាពយន្តថៃផងដែរ។ ប្រមុខថ្នាក់ដឹកនាំកម្ពុជាបានបញ្ជាក់ថា ការសម្រេចធ្វើបែបនេះ គឺបន្ទាប់ពីកម្ពុជាបានរងការគំរា.មកំហែងបិទនេះបិទនោះជាច្រើន រួមទាំងច្រកព្រំដែនពីក្រុមជ្រុលនិយមថៃដែលមានការគាំទ្រដោយពួកយោធា។

ជាមួយនឹងដំណឹងអំពីការកាត់ផ្ដាច់បណ្ដាញអគ្គិសនី អ៊ីនធើណេត និងឈប់ចាក់បញ្ចាំងខ្សែភាពយន្តថៃ ក៏ដូចជាអាចនឹងឈានដល់ការឈប់នាំចូលទំនិញថៃមកប្រើប្រាស់នៅក្នុងទីផ្សារកម្ពុជានៅពេលខាងមុខនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិយាយថា ការណ៍នេះនឹងធ្វើឲ្យប្រទេសថៃបាត់បង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ។
លោករដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា៖ ដោយសារការគម្រា.មកំ.ហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ .jpg)
លោកបានគូសបញ្ជាក់ថា ៖ «លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រា.មកំ.ហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន។»
គួរឲ្យដឹងផងដែរថា ប្រទេសថៃមានមុខទំនិញដែលនាំចូលកម្ពុជាមានចំនួនច្រើនជាង ទំនិញដែលកម្ពុជានាំចូលប្រទេសថៃ។ ដោយបើគិតត្រឹម៥ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសថៃបាននាំចូលទំនិញមកកម្ពុជាមានទំហំទឹកប្រាក់ ១,៤៨ ពាន់លានដុល្លារ ខណៈដែលការនាំចេញពីកម្ពុជទៅថៃមានទំហំទឹកប្រាក់តែ ៣៩៦ លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការបញ្ជាក់រួចមកហើយថា ក្នុងករណីដែលថៃនៅតែបន្តរឹតបន្តឹង និងបិទច្រកព្រំដែនដោយឯកតោភាគី កម្ពុជានឹងអនុវត្តគោលការណ៍ធំៗចំនួន៦ចំណុចរួមមាន៖ ១.ប្រកាសឈប់ប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជា ២.ស្វែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាជនដែលតែងលក់ឲ្យថៃឲ្យបានទាំងក្នុង និងក្រៅស្រុក ៣. បង្វែរអ្នកជំងឺដែលសម្រាកព្យាបាលនៅប្រទេសថៃ ឲ្យមកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេង ៤. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ៥. ត្រៀមកម្លាំងប្រដាប់អាវុ.ធ២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ៦. ជម្លៀសប្រជាជននៅតាមព្រំដែនមកកាន់តំបន់មានសុវត្ថិភាព។
ដូចនេះ ប្រសិនបើកម្ពុជាត្រូវអនុវត្តគោលការណ៍ដូចខាងលើមែន នោះអ្នកដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរគឺភាគីថៃ។ ហើយទាំងអស់នេះ បានកើតឡើងដោយសារតែការគំរា.មកំហែងមកលើកម្ពុជា ដោយថៃខ្លួនឯង៕










