ចាប់តាំងពីថ្ងៃផ្តាច់ព្រ័ត្ររហូតមកទល់ពេលនេះការជជែកវែកញែករវាងបវរកញ្ញា ផន ស្រីពី និង ប៊ី សុធារី នៅមិនទាន់បញ្ចប់ទាំងស្រុងរវាងអ្នកគាំទ្រមួយចំនួនរបស់អ្នកទាំងពីរ។ ទោះបីជា ស្រីពី និង សុធារី គ្រងតំណែងរួចនិងទៅបំពេញការងារនៅប្រទេសវៀតណាមក្តី ខណៈសាមីខ្លួនបង្ហាញទំនាក់ទំនងល្អយ៉ាងណាប៉ុន្តែនៅលើបណ្តាញសង្គមនៅតែក្តៅ។

ដូចប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ផន ស្រីពី បានគ្រងមកុដ Miss Cosmo Cambodia កាលពីរាត្រីថ្ងៃទី៣០ ឧសភា ដោយយកឈ្នះជើងខ្លាំងនៅ ក្នុងការប្រកួតពេញដោយបទពិសោធន៍ពី ប៊ី សុធារី ។ ក្រោយពីបញ្ចប់ការប្រកួត ប៊ី សុធារី បានអារម្មណ៍ថានាងធូរស្រាលនៅក្នុងខ្លួនហើយលទ្ធផលនេះនាងព្រមទទួលយកព្រោះនាងបានខិតខំប្រកួតអស់ពីសមត្ថភាពហើយ ខណៈនាងក៏ជួបប្រទះបញ្ហាសុខភាព អំឡុងពេលប្រកួតផងដែរ។ ក្រោយមក ម្ចាស់មកុដនិងលំដាប់រងក៏បង្ហាញការ ស្រលាញ់មានទំនាក់ទំនងល្អជាមួយគ្នា បំពេញការងារជាមួយគ្នាប៉ុន្តែងាកទៅកាន់ អ្នកគាំទ្រមួយចំនួនហាក់មិនទាន់បញ្ចប់នោះទេ។

នាពេលថ្មីៗនេះ ផន ស្រីពី និង ប៊ី សុធារី រួមទាំងអ្នកគ្រប់គ្រងកម្មវិធីក្នុងស្រុកបានដឹកដៃ គ្នាទៅចូលរួមកម្មវិធីមួយនៅប្រទេសវៀតណាម ស្រាប់តែមានការជជែកវែកញែកដេញដោលគ្នានៅលើបណ្តាញសង្គមបន្តទៀត។ ការវែកញែកនេះគឺបានចាប់ផ្តើមនៅពេលផេក Beauty Pageant Reviewer បានចែករំលែកវីដេអូរបស់ ស្រីពី និង សុធារី បង្ហាញខ្លួននៅវៀតណាមហើយបាន បង្ហាញការ ស្រលាញ់ទៅកាន់ ស្រីពី ។ ទោះយ៉ាងណា ផេកនេះត្រូវបានអ្នកមួយចំនួន បញ្ចេញមតិប្រតិកម្មយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា ផន ស្រីពី នឹងតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាចុងឆ្នាំ២០២៥នេះនៅលើទឹកដីប្រទេសវៀតណាម។ កាលពីមុន ស្រីពី ធ្លាប់តំណាងកម្ពុជាប្រកួតនៅក្នុងកម្មវិធី Miss Intercontinental 2024 ដោយកម្ពុជាជាប់ TOP22 នៅក្នុងការប្រកួត៕










