ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ពលរដ្ឋថៃរស់នៅក្បែរព្រំដែនគ្រប់រូបចង់បានសុខសន្តិភាព បារម្ភខ្លាចកើតសង្គ្រា.ម ដោយអំពាវនាវឱ្យកងទ័ព និងរដ្ឋាភិបាលកម្ពុជា-ថៃចរចាដោយសន្តិវិធី ។ ពួកគេត្រូវរកស៊ីរកប្រាក់ចំណូល ប្រកបមុខរបរចិញ្ចឹមក្រុមគ្រួសារ បើកើតសង្គ្រា.មនាំឱ្យបាត់បង់ចំណូល និងប្រថុយជីវិត ។
.jpg)
កាលពីថ្ងៃទី៤ ខែមិថុនា សារព័ត៌មាន Thairath បានរាយការណ៍ពីការរស់នៅរបស់ពលរដ្ឋនៅភូមិបានណងខាន់ណា ឃុំតាមឿង ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ក្រោយកើតជម្លោះនៅព្រំដែនកម្ពុជា-ថៃ ឃើញថា ពលរដ្ឋនៅតែទៅធ្វើស្រែចម្ការ និងជ័រកៅស៊ូតាមធម្មតាដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ប៉ុន្តែពួកគេបារម្ភពីស្ថានការណ៍ដែលកើតឡើង ។ ពលរដ្ឋពុំចង់ឱ្យកើតសង្គ្រាមដូចពេលកន្លងមកទេ ហើយចង់ឱ្យកងទ័ព និងរដ្ឋាភិបាលកម្ពុជា-ថៃចរចាដោយសន្តិវិធី ។
លោក ខមពេជ្រ ស៊ិរិសុខ អាជីវករលក់ដូរនៅភូមិ៨ ឃុំតាមឿង ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ និយាយថា ពលរដ្ឋរស់នៅក្បែរព្រំដែនមានអារម្មណ៍ភ័យខ្លាច ការរស់នៅកន្លែងភៀសខ្លួនក៏ពិបាក ដោយសារមានមនុស្សរាប់ពាន់នាក់រស់នៅ និងពុំអាចរកស៊ីបាន ។ ពលរដ្ឋក្បែរព្រំដែនពុំចង់ឱ្យថៃមានបញ្ហាជាមួយប្រទេសជិតខាងទេ ហើយលោកក៏ពុំចង់ឱ្យមានសង្គ្រាមដែរ ដោយសារពលរដ្ឋជួបការលំបាក ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ ។

ពលរដ្ឋថៃចង់ឱ្យភាគីទាំងពីរជជែកគ្នាដើម្បីកុំឱ្យកើតសង្គ្រាម ប៉ុន្តែបើពុំអាចចរចាបាន ពលរដ្ឋត្រូវតែធ្វើសង្គ្រាមដើម្បីកុំឱ្យគេថាមិនស្រឡាញ់ជាតិ ។ ពលរដ្ឋព្រំដែនពិបាកណាស់ បើមិនចង់ឱ្យធ្វើសង្គ្រាម គេនឹងចោទប្រកាន់ថា មិនស្រឡាញ់ជាតិ តែបើមានសង្គ្រាម គឺពលរដ្ឋលំបាក យើងត្រូវទទួលយកស្ថានការណ៍នេះ ព្រោះរស់នៅព្រំដែន ។
ពលរដ្ឋគ្រប់រូបចង់បានសុខសន្តិភាព និងត្រូវការប្រកបមុខរបរផ្សេងៗ ដូចជា ៖ ដាំអំពៅ ចៀរកៅស៊ូ ធ្វើស្រែ និងដាំដំឡូង បើមានសង្គ្រាមកើតឡើង ពលរដ្ឋត្រូវឈប់ប្រកបមុខរបរ ។ ពលរដ្ឋមានប្រាក់ចំណូលតែមួយច្រកដែលត្រូវប្រឹងប្រែងជារៀងរាល់ថ្ងៃ បើមានសង្គ្រាម យើងនឹងបាត់ចំណូល និងប្រថុយជីវិតទៀត ។.jpg)
ដោយឡែក នៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅឆ្ងាយពីភូមិបានណងខាន់ណា ប្រមាណ៤គីឡូម៉ែត្រ គឺមានពលរដ្ឋថៃឡើងមកប្រាសាទតាមាន់ធំ និងផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់ខ្លួនជាបន្តបន្ទាប់ ដោយមានកងទ័ពថៃបង្កភាពងាយស្រួលដល់ពលរដ្ឋថៃ ។ រីឯពលរដ្ឋកម្ពុជា និងព្រះសង្ឃ ក៏បានឡើងប្រាសាទតាមាន់ធំជាហូរហែ ដោយមានកងទ័ពកម្ពុជាជួយការពារសុវត្ថិភាព ៕










