រាជរដ្ឋាភិបាល បាននឹងកំពុងពិនិត្យមើលលទ្ធភាពតភ្ជាប់ផ្លូវទឹក ពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប និងពីទន្លេសាបរហូតដល់ក្រុងប៉ោយប៉ែត។
គម្រោងនេះ ចាប់ផ្តើមពីទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ភ្ជាប់ទៅកាន់ស្ទឹងសែន ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ដើម្បីរក្សាតុល្យភាពទឹកទន្លេសាប និងទន្លេមេគង្គ និងធានាប្រព័ន្ឋផ្លូវទឹក អាចប្រើប្រាស់បានទូទាំងប្រទេស។
ការតភ្ជាប់ផ្លូវទឹកនេះ គឺដើម្បីធ្វើឱ្យមានតុល្យភាពទឹក ព្រោះខែប្រាំង ទឹកហូរពីទន្លេសាប ចុះមកអស់។ ហេតុដូច្នេះ ការតភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកាន់ តំបន់ជិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺដើម្បីធានាការដឹកជញ្ជូនរបស់កម្ពុជា ព្រោះនៅពេលព្រែកជីកហ្វូណនតេជោ ធ្វើរួចការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែសំខាន់ និងយើងអាចទាញយកប្រយោជន៍បន្ថែមបាន តាមរយៈការតភ្ជាប់ថ្មីនេះ។
គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប រហូតដល់ក្រុងប៉ោយប៉ែត នឹងមានការសហការជាមួយនឹង ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ ដោយសិក្សាពីបញ្ហាបរិស្ថាន និងបញ្ហាបច្ចេកទេស ក៏ដូចជាបញ្ហាប្រឈមនានា៕










