អ្នកនាង ផន សុផារី ដែលជាអ្នកសិល្បៈល្បីឈ្មោះមួយរូបនិងជាអ្នកជំនួញអនឡាញ បានចេញវីដេអូមួយរៀបរាប់អំពីការបង្កើតមូលនិធិមួយមានឈ្មោះថា ដើម្បីមាតុភូមិ។ ការសម្រេចចិត្តបង្កើតនេះគឺដោយសារតែអ្នកនាងទទួលបាននូវការសាទរជំរុញទឹកចិត្តយ៉ាងច្រើនពីសំណាកទស្សនិកជនបន្ទាប់ពីបង្ហោះសារមួយនៅលើបណ្តាញសង្គមមានបំណងចង់ជួយទៅដល់កងទ័ពខ្មែរដែលឈរជើងការពារទឹកដី។
នៅល្ងាចថ្ងៃទី២៩ ឧសភា អ្នកនាង ផន សុផារី បានចេញវីដេអូមួយរយៈពេល២នាទី និយាយអំពីមូលនិធិរបស់ខ្លួនដែលមានឈ្មោះថា«ដើម្បីមាតុភូមិ»។តាមការរៀបរាប់របស់អ្នកជំនួញអនឡាញរូបនេះបានឱ្យដឹងថាការសម្រេចចិត្តរៃអង្គាលថវិកាដើម្បីជួយទៅដល់កងទ័ពឈរជើងការពារដើម្បីមាតុភូមិមួយនេះ។ ក្នុងនោះអ្នកនាង សុផារី ក៏មិនភ្លេចអរគុណ ទៅដល់ទស្សនិកជនទាំងឡាយដែលបានទុកចិត្តមកលើខ្លួនហើយដើម្បីឱ្យបងប្អូនកាន់តែទុកចិត្តមកលើខ្លួននាង ផន សុផារី បាននិយាយថាទឹកប្រាក់ដែលបងប្អូនបរិច្ចាគនាង បានបង្កើតកុងថ្មីមួយមានឈ្មោះថា «មូលនិធិដើម្បីមាតុភូមិ»។
អ្នកម៉ាក់ បែលឡាអែលលី បានបញ្ជាក់ទៀតថាមូលនិធិមួយនេះមិនមែនត្រឹមតែរៃអង្គាស់ ថវិកាតែប៉ុណ្ណោះទេ ប៉ុន្តែទឹកប្រាក់ដែលបានមកពីការរៃអង្គាលទាំងអស់គឺ នាងនឹង យកទៅទិញជាស្បៀងនិងរបស់របរប្រើប្រាស់សំខាន់និងចាំបាច់សម្រាប់ពួកគាត់ជាកងទ័ព។ អ្នកនាង ផន សុផារី បានបន្ថែមទៀតថាទឹកប្រាក់ដែលនាងទទួលបាននិងទឹក ប្រាក់ដែលនាងចំណាយទាំងប៉ុន្មានគឺត្រូវធ្វើឡើងដោយល្អិតល្អន់និងមានតម្លាភាពបំផុត។
អ្នកជំនួញអនឡាញល្បីឈ្មោះរូបនេះ អះអាងថាខ្លួននាងនឹងបន្តយ៉ាងមុតមាំដោយទឹក ប្រាក់ដែលបានមកពីបងប្អូនគ្រប់កាក់គ្រប់សេនទាំងអស់នឹងបានទៅដល់ដៃពួកគាត់ហើយនឹងបង្ហាញជាក់ស្តែងនៅវីដេអូបន្ទាប់ពីទឹកប្រាក់ដែលទទួលបាន។
អតីតតួឯកល្ខោនរូបនេះបានបញ្ជាក់ថា រឿងនេះនាងអាចធ្វើបានដោយខ្លួនឯងយ៉ាង ងាយស្រួលបំផុតប៉ុន្តែនាងជ្រើសរើសវិធីមួយនេះព្រោះនាងយល់ថាទោះបីជាប្រទេសរបស់យើងតូច ប៉ុន្តែកម្លាំងរួបរួមសាមគ្គី របស់ប្រជាជនមួយនេះគឺធំណាស់ទោះបីជាតិច ឬច្រើនក៏ជាទឹកចិត្តតំណាងឱ្យការគោរព ការដឹងគុណ ទៅដល់កងទ័ពដែល ពួកគាត់ឈរ ជើងការពារមាតុភូមិមួយនេះ៕