ការសម្រាន្តលក់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ត ដែលជួយដល់ការធ្វើការរបស់ខួរក្បាល គ្រប់គ្រងអារម្មណ៍ និងប្រព័ន្ធការពាររាងកាយ ។ យោងតាមការស្រាវជ្រាវរបស់អ្នកចិត្តសាស្ត្រអាមេរិកបង្ហាញថា ការសម្រាន្តឱបគ្នារបស់គូស្នេហ៍ ឬគូស្វាមី-ភរិយាជារៀងរាល់យប់ នឹងផ្តល់នូវអត្ថប្រយោជន៍ច្រើនជាងនេះ ដូចជា ៖ ជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ទទួលបានអារម្មណ៍កក់ក្តៅ មានសុវត្ថិភាពជាងមុន បង្កើនភាពជិតស្និទ្ធ និងមានសុខភាពផ្លូវចិត្តល្អ ។

ការស្រាវជ្រាវបញ្ជាក់ថា បើទោះជាទិន្នន័យនេះពុំទាន់គ្រប់ជ្រុងជ្រោយ និងត្រូវស្រាវជ្រាវបន្ថែមទៀតនាថ្ងៃអនាគត ប៉ុន្តែភាពជិតស្និទ្ធនៃរាងកាយពេលសម្រាន្តលក់ ដោយសារបានឱបមនុស្សណាម្នាក់ គឺអាចបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ។.png)
Josh No និង Kaleigh Miller គឺជាអ្នកចិត្តសាស្ត្រផ្នែកអភិវឌ្ឍន៍ការយល់ដឹងមកពីសាកលវិទ្យាល័យ Auburn សហរដ្ឋអាមេរិក បានធ្វើការសិក្សាពីគូស្នេហ៍ភេទផ្ទុយគ្នា ចំនួន១៤៣គូ ដែលបានសម្រាន្តលើគ្រែជាមួយគ្នា ក្នុងនោះបុរសមានអាយុជាមធ្យម គឺ៤៣ឆ្នាំ និងស្ត្រី ៤០ឆ្នាំ ។ គូស្នេហ៍នីមួយៗមានទំនាក់ទំនងជាមួយគ្នារយៈពេល១៣ឆ្នាំ ប៉ុន្តែមានគូស្នេហ៍១គូ មានទំនាក់ទំនងរហូតដល់ជិត៣០ឆ្នាំ ។.png)
អ្នកចូលរួមការសិក្សាម្នាក់ៗត្រូវរាយការណ៍ថា តើពួកគេបានសម្រាន្តបែបណាខ្លះ សម្រាន្តជិតគូស្នេហ៍កម្រិតណា ឬសម្រាន្តឱបគ្នា ឬសម្រាន្តជិតគ្នា ឬសម្រាន្តបែរមុខរកគ្នា ។ បន្ទាប់មក អ្នកចិត្តសាស្ត្រនឹងវាយតម្លៃទៅលើភាពតានតឹងផ្លូវចិត្ត អស្ថិរភាពនៃទំនាក់ទំនង ការរំខានក្នុងពេលសម្រាន្ត និងការងងុយពេលថ្ងៃ ហើយតើមានក្មេង ឬសត្វចិញ្ចឹមដេកលើគ្រែជាមួយដែរឬទេ?
លទ្ធផលការស្រាវជ្រាវបង្ហាញថា គូស្នេហ៍ដែលបានសម្រាន្តក្បែរគ្នា ជិតគ្នា ឱបគ្នា និងបែរមុខមករកគ្នា គឺពួកគេមានភាពតានតឹងផ្លូវចិត្តតិចតួចបំផុត ហើយពួកគេមានភាពជិតស្និទ្ធខ្លាំងជាងគូស្នេហ៍ដែលពុំបានសម្រាន្តឱបគ្នា ។ ហេតុនេះ ការសម្រាន្តក្បែរគ្នា ឬឱបគ្នា នឹងអាចជួយកាត់បន្ថយភាពតានតឹងយ៉ាងច្រើន ហើយការស្រាវជ្រាវនេះស្របនឹងការលើកឡើងថា «ការឱបគ្នាមុនពេលសម្រាន្តលក់ នឹងមានប្រយោជន៍ដល់ការធ្វើការរបស់សរីរវិទ្យា និងទំនាក់ទំនង» ។.png)
អ្នកចិត្តសាស្ត្រអាមេរិកនិយាយថា ការឱបគ្នាមុនពេលសម្រាន្តលក់ គឺគ្រប់គ្រាន់ហើយដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ ប៉ុន្តែសំខាន់បំផុតដែលត្រូវចងចាំជានិច្ច គឺមនុស្សគ្រប់រូបមានចំណង់ចំណូលចិត្តខុសៗគ្នាក្នុងពេលសម្រាន្ត ។ ដូច្នេះ បើគូស្នេហ៍របស់អ្នកពុំចូលចិត្តឱប ឬខ្លួនអ្នកពុំចូលចិត្តឱប គឺពុំគួរធ្វើវាទេ៕
		
	









